តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃតិចតួចនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីធ្លាក់ថ្លៃចុះយ៉ាងគំហុកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈរបាយការណ៍បានបង្ហាញថា សូចនាករអតិផរណារបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីខែឧសភាកន្លងទៅ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៥%ដល់២៣០៦,៥៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១២%ដល់២៣២០,៨០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៦នាទីព្រឹក។

យោងតាមទិន្នន័យបានបង្ហាញថា សន្ទស្សន៍តម្លៃអ្នកផលិត(PPI) នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះដោយមិននឹកស្មានដល់ ក្នុងអត្រា០,២ភាគរយនៅក្នុងខែឧសភា បន្ទាប់ពីកើនឡើង០,៥%នៅក្នុងខែមេសា។ រីឯសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI)របស់សហរដ្ឋអាមេរិកបានស្ថិតក្នុងសភាពទ្រឹងនៅខែឧសភាបើធៀបនឹងខែមេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៦,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃតិចតួចដល់១០៥,២៣ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បើធៀបនឹងកម្រិត១០៥,២០ពិន្ទុក្នុងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២%ដល់២៩,១២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៣៧%ដល់៩៥៨,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៦១%ដល់៨៩៣,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០១នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here