ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអបអរសាទរ ចំពោះការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ។
សម្តេចបានបញ្ជាក់បែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយលោក Oh Young-Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាផ្នែកមួយនៃការរួមចំណែក ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចហ៊ុន ម៉ាណែត ក៏បានរំលឹកពីការពិភាក្សាពីមុនក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េស្តីពី ការតភ្ជាប់រវាងទីក្រុងភ្នំពេញ និងខេត្តជេជូ ដោយផ្តោតលើការលើកកម្ពស់កំណើនទេសចរណ៍ និងការហោះហើរត្រង់រវាងខេត្តជេជូ ខេត្តសៀមរាប និងរាជធានីភ្នំពេញ។
លើសពីនេះ សម្តេចបានលើកទឹកចិត្ត ដល់អភិបាលខេត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគ ក្នុងវិស័យសក្តានុពលរបស់កម្ពុជា។
ចំណែកលោក OH Young Hun បានថ្លែងអំណរគុណដល់សម្តេចដែលបានគាំទ្រដល់ការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ និងរាជធានីភ្នំពេញ បន្ថែមពីលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងខេត្តស្វយ័តពិសេសជេជូ និងខេត្តសៀមរាប។
អភិបាលខេត្តស្វយ័តពិសេសជេជូ បានសម្តែងនូវក្តីរីករាយ ដោយពិភាក្សាអំពីសក្តានុពល នៃជើងហោះហើរត្រង់ពីខេត្តជេជូ មកកាន់ប្រទេសកម្ពុជា និងបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគក្នុងវិស័យផ្សេងៗ ដោយនឹងខិតខំស្វែងរកយន្តការ និងបទប្បញ្ញត្តិគាំទ្រ សំដៅជំរុញឱ្យមានការហោះហើរត្រង់នេះ។
អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងខេត្តជេជូ ត្រូវបានចុះហត្ថលេខានៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា រវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តជេជូ លោកOH Young Hun៕