ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍ នេះ ខណៈអ្នកវិនិយោគយល់ឃើញថា ធនាគារកណ្តាលសហរដ្ឋអាមេរិកបានជំទាស់ប្រឆាំងនឹងការកាត់បន្ថយអត្រាការប្រាក់នាពេលដ៏ខ្លីខាងមុខ ដែលការណ៍នេះបានជំរុញឱ្យប្រាក់ដុល្លារងើបឡើងថ្លៃ។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៤សេន មកនៅត្រឹម៨២,៤៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0039 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ១៦សេន ដល់៧៨,៣៤ដុល្លារក្នុងមួយបារ៉ែល។
ធនាគារកណ្តាលអាមេរិកបានសម្រេចរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យស្ថិតនៅថេរដដែលក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធម្សិលមិញ ខណៈពេលដែលក្រុមអ្នកបង្កើតគោលនយោបាយរំពឹងថា ធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់តែម្តងគត់នៅក្នុងឆ្នាំ២០២៤នេះ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦១,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៤,៧៧ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,៦៤ពិន្ទុក្នុងពេលបិទការជួញដូរកាលពីថ្ងៃពុធ។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)របស់សហរដ្ឋអាមេរិកបានស្ថិតនៅទ្រឹងកាលពីខែឧសភាបើធៀបនឹងខែមេសា។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៥៥ភាគរយគិតត្រឹមម៉ោង១០:១៩នាទីព្រឹក។
ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,២៤ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300របស់ប្រទេសចិន បានធ្លាកថ្លៃចុះ០,៤៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣២ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,២៣ភាគរយ៕