តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់​ពី​ងើបឡើងថ្លៃកាលពីយប់ម្សិលមិញ ខណៈធនាគារ​កណ្តាល​អាមេរិក​បាន​អះអាង​ថា ខ្លួន​អាចនឹង​កាត់បន្ថយ​អត្រា​ការ​ប្រាក់​ត្រឹមតែ​មួយ​លើកគត់​នៅ​ឆ្នាំ​នេះ ដោយ​លើក​ឡើង​ថា ​អតិផរណា​នៅ​តែ​មាន​កម្រិតខ្ពស់។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៥%ដល់២៣១៤,៣៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,០៤%ដល់២៣៣០,៤០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:០៦នាទីព្រឹក។

ធនាគារកណ្តាលអាមេរិកបានសម្រេចរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យស្ថិតនៅថេរដដែលក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធម្សិលមិញ ខណៈពេលដែលក្រុមអ្នកបង្កើតគោលនយោបាយរំពឹងថា ធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់តែម្តងគត់នៅក្នុងឆ្នាំ២០២៤នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦១,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៤,៧៧ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,៦៤ពិន្ទុក្នុងពេលបិទការជួញដូរកាលពីថ្ងៃពុធ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ៣,៦១%ដល់២៩,១៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ១,៩១%ដល់៩៥២,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,១៩%ដល់៩០០,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០៨នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here