តើប្រធានាធិបតីចិន លោកស៊ី ជីនពីង មានទ្រព្យសម្បត្តិចំនួនប៉ុន្មាន និងមានប្រភពមកពីណាខ្លះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍របស់រដ្ឋាភិបាលអាមេរិកបានឱ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិនផ្សេងទៀត បានជាប់ពាក់ព័ន្ធអំពើពុករលួយ និងលាក់បាំងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ តាមរយៈការវិនិយោគដោយប្រើប្រាស់ឈ្មោះសាច់ញាតិ។

របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ គោលនយោបាយសាធារណៈនៃសភាអាមេរិក(CRS) ក៏បានគូសបញ្ជាក់ផងដែរពីបញ្ហាប្រឈម ក្នុងការស្វែងរកព័ត៌មានសាធារណៈ ទាក់ទងនឹងទ្រព្យសម្បត្តិ និងអំពើពុករលួយរបស់មន្ត្រីជាន់ខ្ពស់ ក្នុងជួរបក្សកុម្មុយនិស្តចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១២ លោក ស៊ី ជីនពីង បានបណ្តាក់ទុនលើការវិនិយោគ ក្នុងទំហំទឹកប្រាក់ចំនួន៣៧៦លានដុល្លារអាមេរិក។ បន្ថែមពីលើនេះ លោកកាន់កាប់ភាគហ៊ុន ដោយប្រយោលប្រមាណ១៨ភាគរយ ដែលមានតម្លៃជាង៣១១លានដុល្លារ នៅក្នុងក្រុមហ៊ុនរុករករ៉ែកម្រ ព្រមទាំងកាន់កាប់ភាគហ៊ុន ដែលមានតម្លៃចំនួន២០,២លានដុល្លារ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលមិនត្រូវបានបញ្ចេញឈ្មោះឱ្យដឹង។

ទ្រព្យសម្បត្តិប្រមាណ៧០២,២លានដុល្លារអាមេរិក របស់លោកប្រធានាធិបតីចិនរូបនេះ ត្រូវបានគ្រប់គ្រងដោយបងស្រីរបស់លោកដែលមានឈ្មោះថា លោកស្រីQi Qiaoqiao និងស្វាមីរបស់លោកស្រី។

របាយការណ៍ខាងលើនេះ បានគូសបញ្ជាក់ពីកង្វះតម្លាភាពនៅក្នុងជួរគណបក្សកុម្មុយនិស្តចិន (CPC) ដោយសារក្រុមមន្ត្រីមិនមានកាតព្វកិច្ចបង្ហាញ ឬប្រកាសចំនួនទ្រព្យសម្បត្តិរបស់ពួកគេ ជាសាធារណៈ។

ជាមួយគ្នានេះ របាយការណ៍ខាងលើបានកត់សម្គាល់ថា ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក៏ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងផងដែរ នៅក្នុងប្រទេសចិន ខណៈរាល់របាយការណ៍ស្តីពី អំពើពុករលួយរបស់មន្ត្រីជាន់ខ្ពស់ចិន ត្រូវបានបង្ក្រាប និងទប់ស្កាត់យ៉ាងឆាប់រហ័ស។

របាយការណ៍របស់ស្ថាប័ន CRS បានបង្ហាញទៀតថា គិតមកទល់ពេលនេះ សមាជិកគណៈកម្មាធិការកណ្តាល បក្សកុម្មុយនិស្តចិន (CPC) ចំនួន២៦៦រូប ត្រូវបានបណ្តេញចេញ រួមទាំង ឥស្សរជនដ៏លេចធ្លោមួយចំនួន ដូចជា អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Li Shangfu និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Qin Gang។

ករណីអំពើពុករលួយដ៏ល្បីល្បាញជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំចិន និងសាច់ញាតិរបស់ពួកគេ ត្រូវបានលាតត្រដាងដោយការស៊ើបអង្កេត រួមទាំងសមាជិកគ្រួសារ របស់លោកប្រធានា​ធិបតី ស៊ី ជីនពីង និងសាច់ញាតិរបស់អតីតនាយករដ្ឋមន្ត្រីចិន លោក Wen Jiabaoផងដែរ៕ប្រភព: Wionnews៕

LEAVE A REPLY

Please enter your comment!
Please enter your name here