ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធនេះបន្ទាប់ពីរដ្ឋបាលព័ត៌មានថាមពលអាមេរិក និងអង្គការនៃបណ្តាប្រទេសផលិតប្រេង (OPEC) បានព្យាករណ៍ថា តម្រូវការប្រេងទូទាំងពិភពលោកនឹងមានការកើនឡើងនៅឆ្នាំនេះ។
តម្លៃប្រេងឆៅ Brent futures បានកើនឡើង១១សេន ដល់៨២,០៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0016 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង១៨សេនដល់៧៨,១០ដុល្លារក្នុងមួយបារ៉ែល។
ក្រុមអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យស្ថិតនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃពុធនេះ។ ប៉ុន្តែ ក្រុមអ្នកវិនិយោគនឹងផ្តោតជាសំខាន់ចំពោះការថ្លែងសុន្ទរកថារបស់លោក Jerome Powell ដែលជាប្រធានធនាគារ Fed នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៥២ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់កម្រិត១០៥,២៦ពិន្ទុនៅព្រឹកថ្ងៃពុធនេះ។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅប្រទេសចិនបានធ្លាក់ចុះ០,១% នៅក្នុងខែឧសភាបើប្រៀបធៀបនឹងការកើនឡើង០,១%កាលពីខែមេសាកន្លងទៅ។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃប្រមាណ០,០២ភាគរយប៉ុណ្ណោះគិតត្រឹមម៉ោង១០:១១នាទីព្រឹក។
ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៧៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ១,២០ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300របស់ប្រទេសចិន បានធ្លាកថ្លៃចុះ០,១៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,០៥ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៦០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,២៨ភាគរយ៕