តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពមិនច្បាស់លាស់នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលលទ្ធផលពីកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក(Fed) ដែលគ្រោងចេញផ្សាយនៅថ្ងៃពុធនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១០%ដល់២.៣១៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១១%ដល់២៣២៩,១០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥១នាទីព្រឹក។

ក្រុមអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យស្ថិតនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃពុធនេះ។ ប៉ុន្តែ ក្រុមអ្នកវិនិយោគនឹងផ្តោតជាសំខាន់ចំពោះការថ្លែងសុន្ទរកថារបស់លោក Jerome Powell ដែលជាប្រធានធនាគារ Fed នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំ។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៥២ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់កម្រិត១០៥,២៦ពិន្ទុនៅព្រឹកថ្ងៃពុធនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៧៥%ដល់២៩,៤៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៣៥%ដល់៩៦២,៣០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៦៩%ដល់៨៩៦,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៤នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here