តម្លៃប្រេងបានកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ 

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារនេះ ស្របពេលអ្នកវិនិយោគបង្ហាញក្តីសង្ឃឹមថា តម្រូវការប្រេងនឹងស្ទុះងើបឡើងវិញ ហើយសហរដ្ឋអាមេរិកកំពុងប្រមូលទិញប្រេងឆៅដើម្បីបំពេញទុនបម្រុងប្រេងរបស់ខ្លួន។

តម្លៃប្រេងឆៅ Brent futuresបានកើនឡើង២៨សេន ដល់៨១,៩១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0038 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង៣១សេនដល់៧៨,០៥ដុល្លារក្នុងមួយបារ៉ែល។

យ៉ាងណាមិញ ធនាគារកណ្តាលអាមេរិកត្រូវបានគេរំពឹងថា នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំនៅថ្ងៃពុធស្អែកនេះ ប៉ុន្តែអ្នកវិនិយោគនឹងផ្តោតជាពិសេសទៅលើសន្និសីទសារព័ត៌មានរបស់លោក Jerome Powell ប្រធានធនាគារ Fed  បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំរយៈពេល២ថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៥០,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតក្នុងសភាពទ្រឹងត្រឹមកម្រិត១០៥,១៤ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគបង្ហាញក្តីព្រួយបារម្ភអំពីភាពមិនច្បាស់លាស់ផ្នែកនយោបាយ បន្ទាប់ពីគណបក្សស្តាំនិយមឈ្នះ​ការឆ្នោត​សភា​អឺរ៉ុបនៅតាមបណ្តាប្រទេស​ធំៗ​ដូចជា អាល្លឺម៉ង់ ​បារាំង និងអេស្ប៉ាញ ជាដើម។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះប្រមាណ០,៦៤ភាគរយ គិតត្រឹមម៉ោង១០:០៦នាទីព្រឹក។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៣០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៤៩ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300របស់ប្រទេសចិន បានធ្លាកថ្លៃចុះ១,១៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៩១ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ១,៥៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៤៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here