ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីងើបឡើងថ្លៃវិញកាលពីយប់ម្សិលមិញ ខណៈពេលដែលក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិកលើគោលនយោបាយអត្រាការប្រាក់នៅក្នុងសប្តាហ៍នេះ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៦%ដល់២៣០២,៣៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣៤%ដល់២៣១៩,២០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៧នាទីព្រឹក។
យ៉ាងណាមិញ ធនាគារកណ្តាលអាមេរិកត្រូវបានគេរំពឹងថា នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំនៅថ្ងៃពុធស្អែកនេះ ប៉ុន្តែអ្នកវិនិយោគនឹងផ្តោតជាពិសេសទៅលើសន្និសីទសារព័ត៌មានរបស់លោក Jerome Powell ប្រធានធនាគារ Fed បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំរយៈពេល២ថ្ងៃ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៥០,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតក្នុងសភាពទ្រឹងត្រឹមកម្រិត១០៥,១៣ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៩៧%ដល់២៩,២៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ១,១៥%ដល់៩៦៥,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៦០%ដល់៩០៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥២នាទីព្រឹកថ្ងៃអង្គារនេះ៕