តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃច័ន្ទនេះ 

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ ខណៈប្រាក់ដុល្លារបានងើបឡើងថ្លៃ បន្ទាប់ពីក្រុមអ្នកវិនិយោគបានបន្ទាបការរំពឹងទុករបស់ពួកគេចំពោះការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤សេនមកនៅត្រឹម៧៩,៥៨ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៤សេនដូចគ្នាមកនៅត្រឹម៧៥,៤៩ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0036 GMT។

យោងតាមរបាយការណ៍របស់ក្រសួងការងារអាមេរិកបានបង្ហាញថា អត្រាអ្នកមានការងារធ្វើក្រៅពី វិស័យកសិកម្ម(Nonfarm Payrolls) បានកើនឡើង២៧២.០០០កន្លែងនៅក្នុងខែឧសភា បើធៀបនឹងការរំពឹងទុកថា នឹងកើនឡើងក្នុងចំនួនត្រឹមតែ១៨៥.០០០កន្លែង។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៤៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ប្រមាណ១០៥,១៦ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈដែលក្រុមអ្នកវិនិយោគបានបង្ហាញក្តីព្រួយបារម្ភអំពីការបន្តពន្យារពេលនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed) ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះប្រមាណ០,៤៣ភាគរយ គិតត្រឹមម៉ោង១០:១៧នាទីព្រឹក។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៤៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានបិទការជួញដូរនៅថ្ងៃច័ន្ទនេះ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 រួមទាំងសន្ទស្សន៍ផ្សារហ៊ុន shanghai Composite របស់ប្រទេសចិន ក៏បានបិទការជួញដូរផងដែរ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានបិទការជួញដូរដូចគ្នា ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៥៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here