ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈពេលដែលទស្សនៈវិស័យនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed បន្តមានភាពមិនប្រាកដប្រជា បន្ទាប់ពីចេញផ្សាយអត្រាអ្នកមានការងារធ្វើរបស់សហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៣%ដល់២២៩៥,៦៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤៩%ដល់២៣១៣,៥០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:០១នាទីព្រឹក។
យោងតាមរបាយការណ៍របស់ក្រសួងការងារអាមេរិកបានបង្ហាញថា អត្រាអ្នកមានការងារធ្វើក្រៅពី វិស័យកសិកម្ម(Nonfarm Payrolls) បានកើនឡើង២៧២.០០០កន្លែងនៅក្នុងខែឧសភា បើធៀបនឹងការរំពឹងទុកថា នឹងកើនឡើងក្នុងចំនួនត្រឹមតែ១៨៥.០០០កន្លែង។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៤៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ប្រមាណ១០៥,១៦ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤៦%ដល់២៩,៥៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៤៦%ដល់៩៧៥,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៦៩%ដល់៩៣០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០៥នាទីព្រឹកថ្ងៃច័ន្ទនេះ៕