ក្រសួងកសិកម្មនិងអង្គការUNIDOនឹងរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានទៅកាន់តំបន់ឆ្នេរ

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម លោកជំទាវអ៊ឹម រចនា បានដឹកនាំកិច្ចប្រជុំជាមួយប្រធានទីប្រឹក្សាបច្ចេ​កទេសនៃអង្គការអភិវឌ្ឍន៍ ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ដើម្បីពិភាក្សាពីផែនការរៀបចំ ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌​មានទៅកាន់តំបន់ឆ្នេរនាខែកក្កដាខាងមុខ។កិច្ចប្រជុំនេះមានការចូលរួមពីលោកបណ្ឌិត  Shetty Seetharama THOMBATHU និងមន្ត្រីបច្ចេកទេស។

លោកជំទាវ អ៊ឹម រចនា មានប្រសាសន៍ថា ដំណើរទស្សនកិច្ចដែលរៀបចំឡើង ក្នុងគោលបំណងឱ្យអ្នកសារព័ត៌មាន បានស្វែងយល់ និងផ្សព្វផ្សាយពីខ្សែច្រវាក់ នៃការកែច្នៃផលិតជលផលសមុទ្រកម្ពុជា ដែលផលិតស្របតាមស្តង់ដាគុណភាព សុវត្ថិភាព ម្ហូបអាហារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈដំណើរទស្សនកិច្ចនេះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា អ្នកសារព័ត៌មានមកពីស្ថាប័នចំនួន២០ នឹងចូលរួមផ្សព្វផ្សាយអំពីសហគ្រាសកែច្នៃ ផលិតផលជលផលសមុទ្រ ឲ្យបានទូលំទូលាយ ក្នុងគោលដៅបង្កើនតម្រូវការក្នុងស្រុក និងទាក់ទាញអ្នកវិនិយោគបរទេសឲ្យមកបណ្ដាក់ទុន ក្នុងអនុវិស័យជលផលកាន់តែច្រើនឡើង។

ដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយ អំពីសហគ្រាសជលផលក្រោយប្រមូលផល ទទួលបានការគាំទ្រពីគម្រោង CAPFish-Capture តាមគម្រោងនឹងធ្វើឡើងក្នុង “រាជធានីភ្នំពេញ ខេត្តកំពត កោះកុង និងខេត្តព្រះសីហនុ៛ ចាប់ផ្តើមនៅថ្ងៃទី១៥-១៨ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ។

យោងតាមស្មារតីអង្គប្រជុំ និងបើគ្មានការប្រែប្រួលណាមួយនោះទេ គម្រោងដំណើរទស្សនកិច្ច សម្រាប់អ្នកសារព័ត៌មាន ទៅកាន់សហគ្រាសកែច្នៃផលិតផលជលផលសមុទ្រ នឹងមានការចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អង្គការ UNIDO តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា  និងអ្នកសារព័ត៌មាន ដែលអញ្ជើញមកពីស្ថាប័នសារព័ត៌មានផ្សេងៗចំនួនជាង២០ស្ថាប័ន សរុប៦៥នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here