សម្តេចតេជោស្នើឲ្យរុស្ស៊ីបើកជើងហោះហើរត្រង់មកកាន់កម្ពុជា

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ឋសភាបានស្នើឱ្យរុស្ស៊ីបង្កើតជើងហោះ ហើរត្រង់មកកម្ពុជា ដើម្បីជំរុញវិស័យទេសច​រណ៍រវាងប្រទេសឱ្យបានកាន់តែច្រើនបន្ថែមទៀត។​

សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចបានជំរុញនូវអ្វីដែលអាចធ្វើទៅបានជាពិសេស សូមឱ្យរុស្ស៊ីយកចិត្តទុកដាក់ ក្នុងការបង្កើតជើងហោះហើរត្រង់ ពីព្រោះសម្ដេចតេជោ បានចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ី មកកាន់ប្រទេសកម្ពុជាហើយ ហើយក៏ជំរុញការដោះស្រាយបំណុល ដែលរង់ចាំជាយូរមកហើយនោះ ឱ្យបានឆាប់រួសរាន់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានថ្លែងអរគុណចំពោះជំនួយសព្វបែបយ៉ាងរបស់សហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៊ី ដែលបានជួយកម្ពុជា នៅពេលដែលកម្ពុជា ទើបរំដោះបានពីរបបខ្មែរក្រហម។

សម្ដេចតេជោបានបញ្ជាក់ថា “ការសម្រេចចិត្តផ្ទេរតំណែង ជំនាន់ចាស់មកជំនាន់ថ្មី គឺដើម្បីសន្តិភាពរយៈពេលវែង ហើយជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេច ព្រោះថារយៈពេលប្រមាណ៩ខែបន្ទាប់ពីការផ្ទេរមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ សន្តិសុខ កំណើននៅតែបន្ត អតិផរណានៅទាប ហើយជីវភាពរស់នៅរបស់ប្រជាជននៅតែល្អប្រសើរ”។

លោកឯកអគ្គរដ្ឋទូត បានបង្ហាញថា លោកនឹងខិតខំធ្វើយ៉ាងណា ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបា​យ ទំនាក់ទំនងរវាងក្រុមមិត្តភាពរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឱ្យចំណងមិត្តភាព រវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងរីកចម្រើនជាលំដាប់។

ពាកព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច លោកបានសង្កេតឃើញថា ទំហំពាណិជ្ជកម្មយើងនៅតូចនៅឡើយ ដោយលោកបញ្ជាក់ថាក្រុមហ៊ុនរុស្ស៊ីមួយចំនួន កំពុងតែស្វែងរកដៃគូរបស់ខ្លួន ហើយកំពុងតែធ្វើការជាមួយនឹងសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីវិនិយោគនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានរំឭកផងដែរថា ក្នុងរយៈពេលកន្លងមកនេះ សហព័ន្ធរុស្ស៊ីបានជួយកសាងសេដ្ឋកិច្ចនៅកម្ពុជា ហើយក៏នៅមានកិច្ចសហប្រតិបត្តិការជាច្រើន ទាក់ទងនឹងបញ្ហាបច្ចេកទេស។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ សហព័ន្ធរុស្ស៊ីបានផ្ដល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាជាច្រើនទៅបំពេញការសិក្សានៅប្រទេសរុស្ស៊ី។

ទន្ទឹមនឹងនោះ រុស្ស៊ីក៏បានរៀបចំឱ្យមានជាទស្សនកិច្ច របស់យុវជន ក្មេងៗបានទៅទស្សនកិច្ច នៅប្រទេសរុស្ស៉ីផងដែរ។ នៅលើវេទិកាអន្តរជាតិ ឯកឧត្ដម បានរំឭកថា កម្ពុជានិងរុស្ស៊ីបានជួយគ្នា និងសម្របសម្រួលគ្នា នៅលើយន្តការអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងតំបន់ ហើយសូមអរគុណកម្ពុជា ក្នុងតួនាទីជាអ្នកសម្របសម្រួលរវាងអាស៊ាន និងរុស្ស៊ីក្នុងការជួយពង្រឹងភាពជាដៃគូ សន្ទនារបស់រុស្ស៊ីនៅក្នុងអាស៊ានផងដែរ។

ពាក់ព័ន្ធវិស័យទេសចរណ៍ លោកលើកឡើងថា ចំនួនភ្ញៀវទេសចររុស្ស៊ីមកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ហើយរុស្ស៊ីនឹងពិចារណា ឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរ អ្នកទេសចររវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានធានាសុវតិ្ថភាពភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា ជាពិសេសភ្ញៀវទេសចរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here