សម្តេចធិបតីមានសុទិដ្ឋិនិយមពីសភាយុវពាណិជ្ជករអន្តរជាតិ

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត មានក្តីសង្ឃឹមជឿជាក់ថា អង្គមហាសន្និបាត សភាយុវពាណិជ្ជករអន្តរជាតិទាំងមូល នឹងមានឱកាសស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ក្នុងការធ្វើធុរកិច្ច និងវិនិយោគ ហើយរាជរដ្ឋាភិបាលរង់ចាំ ផ្តល់ការសម្របសម្រួលក្នុងនាមជាដៃគូដ៏ស្និទ្ធស្នាល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ ក្រោមប្រធានបទ (Rising Together) នៅមជ្ឈមណ្ឌលសន្និបាតសុខា ខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី៦ មិថុនាកន្លងមកនេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រធានបទ(​Rising Together) នេះពិតជាស័ក្ដិសម ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺរាតត្បាតថ្មីៗជាដើម ។ ជាការពិតណា​ស់ កាលៈទេសៈលំបាកបែបនេះ ងាយស្រួលនឹងធ្វើឱ្យយើងបាត់បង់នូវក្តីសង្ឃឹម ហើយថែមទាំងអាចឱ្យយើង ក្លាយជាមនុស្សបុគ្គលនិយម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបញ្ជាក់ថា “កាលៈទេសៈបែបនេះ ក៏អាចធ្វើឱ្យយើងភ្លេចផងដែរថា អនាគតរបស់យើងអាស្រ័យទៅលើយុវជនគ្រប់ៗរូប ដែលជាអ្នកបន្តវេន ព្រោះថាពិភពលោកទាំងមូល ជាពិសេសយុវជនគ្រប់ៗរូប ក៏ចំាបាច់ត្រូវចងចាំផងដែរថា យើងទាំងអស់គ្នារួមក្នុងជោគវាស​នា​តែមួយ”។

សម្តេចបន្ថែមទៀតថា “មានតែកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាប៉ុណ្ណោះ ទើបយើងអាចកសាងនូវអនាគតមួយ ដែលនាំឱ្យយើងរីកចម្រើនរួមគ្នាបាន”។

ក្នុងស្មារតីនេះ សូមក្រើនរំលឹកទៅកាន់យុវជនទាំងអស់ ដែលកំពុងមានវត្តមាននៅទីនេះ ក៏ដូចជានៅទីកន្លែងដទៃទៀតថា បងប្អូនយុវជននេះហើយ ជាអ្នកកំណត់ជោគវាសនា នាពេលអនាគតនេះ។ អ្វីៗទាំងអស់ដែលបងប្អូនបានរៀន គិត និងកំពុងអនុវត្តន៍ ជាកត្តាដែលនឹងសម្រេចថា តើសង្គមជាតិយើងពិតជាអាចឆ្លងកាត់ភាពមិនប្រាកដប្រជានេះ បានឬមិនបាន។ ក្នុងន័យនេះ ការពង្រឹងភាពអង់​អាចរបស់យុវជន គឺពិតជាការវិនិយោគសម្រាប់អនាគត ដោយសង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច ។

សម្តេចធិបតីបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់មួយរបស់កម្ពុជា ។ កម្ពុជាដែលធ្លាប់តែត្រូវបានចាត់ទុក ជាវាលពិឃា​ដ។ បច្ចុប្បន្ន ជាជាតិមួយមានសន្តិភាពពេញលេញ ហើយប្រាង្គប្រាសាទដ៏ល្អឯកដូចជាប្រាសាទអង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់យើង បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ រាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ។

សម្តេចបន្តថា បរិវត្តកម្មដ៏ប្រសើរនេះ ពិតណាស់ជាលទ្ធផលដែលកើតចេញពីការលះបង់ គ្រប់បែបយ៉ាងរបស់អ្នកជំនាន់មុន ក្នុងការកែប្រែជោគវាសនាទឹកដីកំសត់នេះ ឱ្យក្លាយជាទឹកដីមួយដ៏ស្រស់បំព្រង និងប្រកបដោយស្នាមញញឹម ។ ពេលនេះ ជាពេលវេលារបស់យើងទាំងអស់គ្នាដែលជាអ្នកបន្តវេន ត្រូវយកគំរូតាមការលះបង់កន្លងមក ដើម្បីបង្កើតនូវទំព័រប្រវត្តិសាស្ត្រថ្មី តាមរយៈការចូលរួមរបស់យើងគ្រប់គ្នា ដើម្បីកសាងអនាគតមួយ ដែលទស្សនៈរបស់យើងមិនត្រឹមតែត្រូវបានដឹងឭនោះទេ តែជាសមាសធាតុដ៏មិនអាចខ្វះបាន ក្នុងការជំរុញនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងពិតប្រាកដ។

ទន្ទឹមនេះ ក្រោមការចូលរួមរបស់យើងគ្រប់គ្នា យើងប្រាកដណា​ស់ថានឹងរីកចម្រើន ហើយយើងគ្រប់គ្នានឹងទទួលបានផ្លែផ្កា ពីការរីកចម្រើននេះជាមួយគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here