តម្លៃប្រេងបានកើនឡើង ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃសុក្រនេះ 

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រ  បន្ទាប់ពីសមាជិកអង្គការ OPEC+ ដូចជាប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានបង្ហាញពីការត្រៀមខ្លួនក្នុងការកាត់បន្ថយការផលិតប្រេង ប្រសិនបើទីផ្សារពុំមានភាពរឹងមាំ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៦សេនដល់៨០,០៣ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង១៦សេន ដល់៧៥,៧១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0007 GMT។

ជាមួយគ្នានោះ ក្រុមវិនិយោគិនកំពុងរង់ចាំអ៊ុតមើលទិន្នន័យអត្រាអ្នកមានការងារធ្វើរបស់សហរដ្ឋអាមេរិកប្រចាំខែឧសភា ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រនេះ ដែលអាចផ្តល់តម្រុយអំពីគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៨,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៤,០៩ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ។

ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចសំខាន់ៗពីប្រទេសចិន និងទិន្នន័យប្រាក់ឈ្នួលរបស់ប្រទេសជប៉ុន។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃត្រឹមតែ០,០៣ភាគរយ គិតត្រឹមម៉ោង១០:០៥នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,២៦ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៧០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,១៧ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៧៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here