តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងកម្រិតតិចតួចប៉ុណ្ណោះ នៅព្រឹកថ្ងៃសុក្រនេះ ខណៈពេលដែលក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលរបាយការណ៍ស្តីពីអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិកប្រចាំខែឧសភា។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៤%ដល់២៣៧៦,៤៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៧%ដល់២.៣៩៥ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៨នាទីព្រឹក។

ជាមួយគ្នានោះ ក្រុមវិនិយោគិនកំពុងរង់ចាំអ៊ុតមើលទិន្នន័យអត្រាអ្នកមានការងារធ្វើរបស់សហរដ្ឋអាមេរិកប្រចាំខែឧសភា ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រនេះ ដែលអាចផ្តល់តម្រុយអំពីគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៨,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៤,០៩ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១១%ដល់៣១,៤០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,០៨%ដល់១០១២,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,២៨%ដល់៩៣៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០៣នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here