ការសិក្សា: ការវិនិយោគសកលលើថាមពលពន្លឺព្រះអាទិត្យនឹងកើនដល់ទំហំទឹកប្រាក់៥០០ពាន់លានដុល្លារនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ
ប៉ារីស: យោងតាមការសិក្សាពីស្ថាប័នស្រាវជ្រាវមួយ បានអះអាងថា ទុនវិនិយោគកាន់តែច្រើន កំពុងហូរចូលទៅក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ ច្រើនជាងការវិនិយោគលើប្រភពថាមពលអគ្គិសនីផ្សេងៗទៀតទាំងអស់សរុបរួមបញ្ចូលគ្នា។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករណ៍នៅក្នុងរបាយការណ៍មួយថា ការវិនិយោគជាសកលលើថាមពលស្អាតនៅឆ្នាំនេះនឹងកើនឡើងដល់២ទ្រីលានដុល្លារអាមេរិក ដែលច្រើនជាងការវិនិយោគលើឥន្ធនៈហ្វូស៊ីលចំនួន២ដង។ ក្នុងនោះ ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យនឹងកើនឡើងដល់ទំហំទឹកប្រាក់៥០០ពាន់លានដុល្លារ។

លោក Fatih Birol នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានគូសបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវិនិយោគទៅលើថាមពលស្អាតកំពុងបំបែកកំណត់ត្រាថ្មី ទោះបីជាសេដ្ឋកិច្ចសកលកំពុងជួបប្រទះបញ្ហាប្រឈមនានាយ៉ាងណាក្តី”។

ជាក់ស្តែង បណ្តាក្រុមហ៊ុន និងរដ្ឋាភិបាលនៅជុំវិញពិភពលោកកំពុងបង្កើនការវិនិយោគរបស់ខ្លួនលើការផលិតថាមពលស្អាត ដើម្បីកាត់បន្ថយការបញ្ចេញកាបូនពីការដុតឥន្ធនៈហ្វូស៊ីល ដែលកំពុងជំរុញឱ្យមានការប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីភ្នាក់ងារខាងលើបានអះអាងបន្តថា ការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ និងការចំណាយតិច កំពុងជំរុញការវិនិយោគក្នុងទម្រង់នៃថាមពលស្អាត ដែលរួមមាន បន្ទះស្រូបពន្លឺព្រះអាទិត្យ ទួរប៊ីនខ្យល់ រថយន្តអគ្គិសនី និងម៉ាស៊ីនបូមកំដៅ ក៏ដូចជាការផលិតថាមពលនុយក្លេអ៊ែរ។

នាពេលនេះ ការវិនិយោគសរុបទៅលើថាមពលកកើតឡើងវិញ និងនុយក្លេអ៊ែរដើម្បីផលិតទៅជាថាមពលអគ្គិសនី ត្រូវបានរំពឹងថា នឹងកើនឡើងដល់១០ដងនៃការវិនិយោគលើថាមពលដើរដោយឥន្ធនៈហ្វូស៊ីល។

ទីភ្នាក់ងារ IEA បានបន្ថែមថា ការវិនិយោគទៅលើថាមពលកកើតឡើងវិញនៅទូទាំងពិភពលោកត្រូវតែកើនឡើងទ្វេរដងនៅត្រឹមឆ្នាំ២០៣០ខាងមុខ ដើម្បីសម្រេចឱ្យបាននូវគោលដៅរបស់ពិភពលោកក្នុងរយៈពេលមធ្យម ដើម្បីកាត់បន្ថយការបំភាយកាបូន៕ប្រភព: AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here