ក្រុមហ៊ុន Nvidia វ៉ាដាច់ក្រុមហ៊ុន Apple ដោយក្លាយជាក្រុមហ៊ុនសាធារណៈដែលមានតម្លៃថ្លៃជាងគេទី២នៅលើលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានវ៉ាដាច់ក្រុមហ៊ុន Apple ដោយក្លាយជាក្រុមហ៊ុនសាធារណៈដែលមានតម្លៃថ្លៃជាងគេបំផុតទីពីរនៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុនយក្ស Microsoft ។

គិតត្រឹមពេលបិទទីផ្សារកាលពីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុនយក្ស Nvidia មានតម្លៃទីផ្សារចំនួន៣,០១៩ទ្រីលានដុល្លារ បើប្រៀបធៀបនឹងក្រុមហ៊ុន Apple ដែលមានតម្លៃទីផ្សារ ចំនួន២,៩៩ទ្រីលានដុល្លារ។ ចំណែក Microsoft នៅតែរក្សាបានតំណែងជាក្រុមហ៊ុនសាធារណៈដែលមានតម្លៃទីផ្សារខ្ពស់ជាងគេបំផុតទី១ ចំនួន៣,១៥ទ្រីលានដុល្លារអាមេរិក។

ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានហក់ឡើងថ្លៃជាង២៤% ចាប់តាំងពីក្រុមហ៊ុននេះបានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសទី១កាលពីខែឧសភាកន្លងទៅ។ ក្រុមហ៊ុននេះកាន់កាប់ចំណែកទីផ្សារប្រមាណ៨០% នៅក្នុងវិស័យបន្ទះឈីប AI សម្រាប់បម្រើឱ្យមជ្ឈមណ្ឌលទិន្នន័យ ដែលកំពុងទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារពីបណ្តាអ្នកវិនិយោគធំៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រុមវិនិយោគិនក៏កាន់តែមានទំនុកចិត្តផងដែរ ស្របពេលដែលក្រុមហ៊ុន Nvidia អាចសម្រចបានកំណើនដ៏ខ្ពស់នៃការលក់ឧបករណ៍អេឡិចត្រូនិកទៅកាន់បណ្តាក្រុមហ៊ុន cloud មួយចំនួន។

សម្រាប់ត្រីមាសទី១ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Nvidia នៅក្នុងអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន បានកើនឡើង៤២៧% ធៀបនឹងឆ្នាំមុនដល់ទំហំទឹកប្រាក់២២,៦ពាន់លានដុល្លារ ដែលស្មើនឹងចំនួន៨៦% នៃការលក់សរុបរបស់ក្រុមហ៊ុននេះ។

ទន្ទឹមនឹងនេះដែរ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានងើបឡើងថ្លៃត្រឹមតែ៥% ប៉ុណ្ណោះនៅឆ្នាំនេះ ដោយសារតែកំណើននៃការលក់ទូរស័ព្ទ iPhone បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នៅក្នុងរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសទី១ ក្រុមហ៊ុន Apple បានគូសបញ្ជាក់ថា ការលក់សរុបបានធ្លាក់ចុះ៤% ហើយការលក់ទូរស័ព្ទ iPhone បានធ្លាក់ចុះ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

ជាងនេះទៅទៀត ក្រុមហ៊ុន Apple កំពុងប្រឈមមុខទៅនឹងការចោទសួរ និងបញ្ហាយុទ្ធសាស្ត្រជាច្រើន អំពីតម្រូវការនៃការប្រើប្រាស់នៅក្នុងប្រទេសចិន ការផលិត និងការបង្ហាញប្រតិកម្មចម្រុះគ្នាចំពោះផលិតផលកាស់ Vision Proរបស់ខ្លួន ៕ប្រភព:CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here