រដ្ឋាភិបាលថៃត្រៀមប្រមូលពន្ធពីបណ្តាក្រុមហ៊ុនចម្រុះជាតិសាសន៍

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Julapun Amornvivat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានអះអាងថា ក្រសួងគ្រោងនឹងពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីពន្ធអប្បបរមាសកល ដើម្បីស្នើសុំការអនុម័តពីគណៈរដ្ឋមន្ត្រី ក្នុងរយៈពេល២សប្តាហ៍ខាងមុខ។

លោក​​បញ្ជាក់បន្ថែម​ថា “នៅពេលយើងដាក់ឱ្យអនុវត្តន៍ជាផ្លូវការ ច្បាប់​នេះ ​​នឹង​ជួយ​ឱ្យ​រដ្ឋាភិបាលថៃ​អាចប្រមូល​ពន្ធ បាន​​ចំនួន២០ពាន់​លានបាត​បន្ថែម​ទៀត ​ពី​បណ្តាក្រុមហ៊ុន​ចម្រុះ​ជាតិ​សាសន៍​ជា​រៀង​រាល់​ឆ្នាំ”។

រដ្ឋាភិបាលបានប្តេជ្ញាចិត្ត ក្នុងការអនុម័តច្បាប់នេះ ស្របតាមកិច្ចព្រមព្រៀងរបស់ប្រទេសថៃ ជាមួយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ខណៈបច្ចុប្បន្ន លោក Pichai Chunhavajira រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​​កំពុង​ពិនិត្យ​ពិច័យ​លើសេចក្តីព្រាងច្បាប់នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Julapun បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា បញ្ហាពន្ធសកលនេះ ត្រូវបានលើកមកពិភាក្សា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចកាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅ ដោយបានបង្ហាញពីការព្រួយបារម្ភថា ការអនុម័តច្បាប់នេះអាចនឹងត្រូវបានពន្យារពេល។

លោកបានថ្លែងពន្យល់ទៅកាន់អង្គប្រជុំថា ច្បាប់នេះអាចនឹងចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ២០២៥ ដូចដែលបានព្រមព្រៀងគ្នាដំបូង ខណៈដែលការអនុម័ត និងវិសោធនកម្មច្បាប់ពាក់ព័ន្ធផ្សេងទៀត គួរតែបញ្ចប់នៅចុងឆ្នាំនេះ។

គំនិតនៃការបង្កើតច្បាប់ពន្ធអប្បបរមា ជាសកលនេះត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ OECD ដើម្បីរារាំងមិនឱ្យបណ្តាក្រុមហ៊ុនពហុជាតិសាសន៍ព្យាយាមកេងចំណេញ តាមរយៈការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេទៅកាន់ប្រទេស ដែលយកពន្ធតិច។

អង្គការ OECD បានតម្រូវឱ្យបណ្តាប្រទេស ដែលជាសមាជិករបស់ខ្លួន កំណត់អត្រាពន្ធលើប្រាក់ចំណូល សាជីវកម្មអប្បបរមាចំនួន១៥% ដើម្បីទប់ស្កាត់មិនឱ្យប្រទេសផ្សេងទៀត អនុវត្តន៍ការយកពន្ធតិច ដើម្បីទាក់ទាញការវិនិយោគ៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here