តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះ 

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលទីផ្សារការងារនៅសហរដ្ឋអាមេរិកកំពុងធ្លាក់ចុះ ដែលការណ៍នេះបានជំរុញការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៧សេនដល់៧៨,៦៨ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0103 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង៣៦សេនដល់៧៤,៤៣ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញបង្ហាញថា ចំនួនការងារក្នុងវិស័យឯកជន(Private payrolls)នៅសហរដ្ឋអាមេរិក បានកើនឡើងត្រឹមតែ១៥២.០០០កន្លែងប៉ុណ្ណោះកាលពីខែឧសភា បើធៀបនឹងការព្យាករណ៍ថា នឹងកើនឡើង១៧៥.០០០កន្លែង។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះដល់១០៤,០៩ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បើធៀបនឹងកម្រិត១០៤,២៧ពិន្ទុ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ។

ចំណែកឯ ផ្សារហ៊ុននៅតំបនអាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈទីផ្សារបង្កើនការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់របស់ខ្លួននៅក្នុងខែកញ្ញាខាងមុខ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃ១,០៦ភាគរយ គិតត្រឹមម៉ោង១០:០២នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៩១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៥៥ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៤៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,០៤៧ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៧២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,០៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here