ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថា ទីផ្សារការងារនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងខែឧសភា ដែលការណ៍បានជួយជំរុញការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៧៩%ដល់២៣៧៣,៤៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦៨%ដល់២៣៩១,៧០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:០៥នាទីព្រឹក។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញបង្ហាញថា ចំនួនការងារក្នុងវិស័យឯកជន(Private payrolls)នៅសហរដ្ឋអាមេរិក បានកើនឡើងត្រឹមតែ១៥២.០០០កន្លែងប៉ុណ្ណោះកាលពីខែឧសភា បើធៀបនឹងការព្យាករណ៍ថា នឹងកើនឡើង១៧៥.០០០កន្លែង។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះដល់១០៤,០៩ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បើធៀបនឹងកម្រិត១០៤,២៧ពិន្ទុ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង២,០៧%ដល់៣០,៦៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៩%ដល់១០០៩,៣០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៩៩%ដល់៩៤៨,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៤នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕