ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ប្រមាណ១៧ពាន់លានដុល្លារក្នុងរយៈពេល៥ខែ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្របានថ្លែងថា  ៥ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានក្នុងទឹកប្រាក់ប្រមាណ១៧ពាន់លានដុល្លារ។

ទំហំទឹកប្រាក់ខាងលើនោះ មានការថយចុះក្នុងរង្វង់១០ភាគរយ បើប្រៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដោយសារកត្តាទីផ្សារអ្នកប្រើប្រាស់ នៅក្រៅប្រទេសមានការថយចុះ និងដោយសារភាពរអាក់រអួលនៃការដឹកជញ្ជូនតាមសមុទ្រ និងអត្រាអតិផរណានៅប្រទេ​សអ្នកបញ្ជាទិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងនេះក្តី ការនាំចេញពេញមួយឆ្នាំ២០២៤របស់កម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជិត១០ភាគរយវិញ ដោយសារការនាំចេញក្នុងតំបន់កំពុងមានសន្ទុះកើនឡើង។

លោកសុខ សុភ័ក្រ បានគូសរំលេចថា ទំនិញដែលកម្ពុជានាំចេញរួមមាន៖ សម្លៀកបំពាក់ ស្បែកជើង និងភាគបំណែកស្បែកជើង កាបូប ផលិតផលវាយនភណ្ឌ ទោចក្រយាន គ្រឿងអេឡិចត្រូនិច និងភាគបំណែកផ្សេង។ ក្នុងរយៈពេលខាងលើ កម្ពុជា បាននាំចូលផលិតផលសំខាន់ៗ រួមមាន៖ ថ្នាំពេទ្យ និងឱសថបំប៉ន គ្រឿងប្រើប្រាស់ និងចំណីរអាហារ, ភេសជ្ជ: និងទឹកបរិសុទ្ធបំរើអោយតម្រូវការភ្ញៀវទេសចរ។

យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បានឱ្យដឹងថា ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅបរទេសកាលពីឆ្នាំ២០២៣ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ , ម៉ាស៉ីន និងឧបករណ៍អគ្គិសនី វត្ថុធ្វើពីស្បែក និងបរិក្ខារធ្វើពីរោមសត្វ និងផលិតផលមួយចំនួនទៀត។

ប្រទេសដែលជាទីផ្សារសំខាន់ៗ របស់កម្ពុជារួមមាន ប្រទេសចិន អាមេរិក សហគមន៍អ៊ឺរ៉ុប វៀតណាម ថៃ ប្រទេសជប៉ុន និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀតនៅក្នុងតំនប់RCEP៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here