អូស្ត្រាលីបញ្ជាឱ្យវិនិយោគិនចិនលក់ភាគហ៊ុនក្នុងគម្រោងរុករករ៉ែ កម្រក្នុងប្រទេសរបស់ខ្លួន

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Jim Chalmers ដែលកាន់តែតួនាទីជាហិរញ្ញិកនៃប្រទេសអូស្ត្រាលី បានបញ្ជាឱ្យវិនិយោគិនចិន មួយចំនួនលក់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនរុករករ៉ែ Northern Minerals ក្នុងគោលដៅការពារផលប្រយោជន៍ជាតិ។

អ្នកនាំពាក្យរបស់លោក Chalmers បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានចេញបញ្ជាឱ្យមូលនិធិ Yuxiao Fund Pte Ltd និងអ្នកពាក់ព័ន្ធចំនួន៤រូប កាត់បន្ថយការកាន់កាប់ភាគហ៊ុនរបស់ពួកគេនៅក្នុងក្រុមហ៊ុន Northern Minerals”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ននេះ ក្រុមហ៊ុន Northern Minerals កំពុងអភិវឌ្ឍន៍គម្រោងរុករកប្រភេទរ៉ែដ៏កម្រ(Rare earths) នៅក្នុងរដ្ឋ Western Australia ស្របពេលការរុករករ៉ែកម្រ បានក្លាយជាវិស័យយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង សម្រាប់ការប្រើប្រាស់នៅក្នុងថាមពលបៃតង និងវិស័យការពារជាតិ។

ដោយសារតែវិស័យនេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ទើបលោក Jim Chalmers បានបញ្ជាឱ្យវិនិយោគិនចិនលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងគម្រោងនេះ ដោយលោកបានទុករយៈពេលឱ្យមូលនិធិ Yuxiao របស់ចិនចំនួន៨០ថ្ងៃ ដើម្បីលក់ភាគហ៊ុនចំនួន៨០លានហ៊ុន ដែលខ្លួនបានទិញកាលពីខែកញ្ញា ឆ្នាំមុន។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ឱ្យដឹងថា មូលនិធិ Yuxiao នេះគឺជាមូលនិធិវិនិយោគឯកជន ដែលបានចុះបញ្ជីនៅប្រទេសសិង្ហបុរី របស់មហាសេដ្ឋីជនជាតិចិនម្នាក់ ដែលមានឈ្មោះថា លោក Wu Yuxiao។

លោក Adam Handley ប្រធានក្រុមហ៊ុន Northern Minerals  បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់សារពត៌មាន Reuters ថា ខ្លួនបានបញ្ជូនសកម្មភាពទិញ ភាគហ៊ុនមួយចំនួនទៅកាន់ក្រុមប្រឹក្សា ត្រួតពិនិត្យការវិនិយោគបរទេស (FIRB) ដើម្បីស៊ើបអង្កេតកាលពីខែតុលាឆ្នាំមុន។

លោកបានបន្ថែមថា “យើងសម្រេចចិត្តធ្វើបែបនេះ ដោយសារតែយើងមានកាតព្វកិច្ច ការពារផលប្រយោជន៍ របស់ម្ចាស់ភាគហ៊ុនទាំងអស់ ធានានូវភាពត្រឹមត្រូវនៃការចុះបញ្ជី ភាគហ៊ុនរបស់ក្រុមហ៊ុន និងរក្សាស្តង់ដារខ្ពស់នៃអភិបាលកិច្ចល្អរបស់យើង”៕ប្រភព:CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here