ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធនេះ បន្ទាប់ពីរបាយការណ៍ឧស្សាហកម្មមួយបានបង្ហាញពីការកើនឡើងនៃស្តុកប្រេងឆៅ និងប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក ដែលជាសញ្ញានៃការផ្គត់ផ្គង់លើសពីតម្រូវការ។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៤សេន មកនៅត្រឹម៧៧,៣៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0005 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ១៨សេនមកនៅត្រឹម៧៣,០៧ដុល្លារក្នុងមួយបារ៉ែល។
ជាមួយគ្នានោះ ក្រុមវិនិយោគិនកំពុងរង់ចាំអ៊ុតមើលទិន្នន័យអត្រាអ្នកមានការងារធ្វើរបស់សហរដ្ឋអាមេរិកប្រចាំខែឧសភា ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រ ទី៧ ខែមិថុនា ខណៈទិន្នន័យនេះអាចផ្តល់ភាពច្បាស់លាស់អំពីគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៥៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃតិចតួចដល់១០៤,១៥ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បើធៀបនឹងកម្រិត១០៤,១១ពិន្ទុ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។
ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបនអាស៊ីបានប្រឈមភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃពុធនេះ ខណៈទិន្នន័យបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំត្រឹមតែ១,១%ប៉ុណ្ណោះ ក្នុងត្រីមាសទី១ បើធៀបនឹងការរំពឹងទុកក្នុងរង្វង់១,២%។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃ០,៦៥ភាគរយ គិតត្រឹមម៉ោង៩:៥៧នាទីព្រឹក។
ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៨០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៩០ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,០៩៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,០៧៥ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,០១ភាគរយ៕