តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញ នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីធ្លាក់ថ្លៃចុះយ៉ាងគំហុកកាលពីថ្ងៃអង្គារម្សិលមិញ ខណៈក្រុមវិនិយោគិនកំពុងរង់ចាំអ៊ុតមើលរបាយការណ៍ស្តីពីទីផ្សារការងាររបស់សហរដ្ឋអាមេរិកប្រចាំខែឧសភា។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៤%ដល់២៣៣៣,៣៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៨%ដល់២៣៥១,៦០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:០១នាទីព្រឹក។

ជាមួយគ្នានោះ ក្រុមវិនិយោគិនកំពុងរង់ចាំអ៊ុតមើលទិន្នន័យអត្រាអ្នកមានការងារធ្វើរបស់សហរដ្ឋអាមេរិកប្រចាំខែឧសភា ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រ ទី៧ ខែមិថុនា ខណៈទិន្នន័យនេះអាចផ្តល់ភាពច្បាស់លាស់អំពីគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៥៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃតិចតួចដល់១០៤,១៥ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បើធៀបនឹងកម្រិត១០៤,១១ពិន្ទុ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥២%ដល់២៩,៧៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,០៧%ដល់៩៩៦,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៣៤%ដល់៩២៦ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៤នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here