ថ្នាក់ដឹកនាំNBCបង្ហាញពីវឌ្ឍនភាពរបស់ធនាគារជាតិ

ដោយៈ ម៉ាលីនណា

        ប៉ារីសៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីវឌ្ឍនភាពរបស់ស្ថាប័ននេះ តាមរយៈការទូទា​ត់សាច់ប្រាក់ជាមួយប្រទេសជាច្រើន តាមរយៈប្រព័ន្ឋQR Code។​

លោកជំទាវបានថ្លែងក្នុងជំនួប ពិភាក្សាការងារជាមួយ លោកលុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋបារាំង អ៊ីតាលី ព័រទុយហ្គាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស្ប៉ាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូកាលពីដើមសប្តាហ៍នេះ។

លោកអគ្គរាជទូត បានថ្លែងអំណរគុណលោកជំទាវ ដែលបានឆ្លៀតឱកាស មកទស្សនកិច្ចនៅនិវេសនដ្ឋានឯកអគ្គរាជទូត ក្នុងដំណើរបំពេញបេសកកម្ម របស់លោកជំទាវនៅប្រទេសបារាំង និងបានជម្រាបជូនអំពី កិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងកម្ពុជានិងបារាំង នាពេលថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណ លោកឯកអគ្គរាជទូត និងបានជម្រាបជូនពីទំនាក់ទំនងដ៏ល្អប្រសើរ ក្នុងកិច្ចសហប្រតិបត្តិការរវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលបារាំង ចាប់តាំងពីការកកើត ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ១៩៥៤ រហូតដល់បច្ចុប្បន្ន ជាពិសេស ក្នុងរយៈពេលប្រមាណ៣០ឆ្នាំចុងក្រោយនេះ ដែលធនា​គារកណ្តាលបារាំង បានបញ្ជូនជំនាញការមកចូលរួម ចំណែកអភិវឌ្ឍ ធនាគារជាតិនៃកម្ពុជា ក៏ដូចជា វិស័យធនាគារនៅប្រទេសកម្ពុជា។

លោកជំទាវបានលើកឡើងផងដែរ អំពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) តាមរយៈកិច្ចប្រជុំនិងវេទិកាផ្សេងៗ ដើម្បីលើកកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។

ម៉្យាងទៀត លោកជំទាវ ទេសាភិបាល ក៏បានជម្រាបជូនលោក ឯកអគ្គរាជទូត អំពីការអភិវឌ្ឍនៃវិស័យធនាគារ និងការចូលរួមចំណែ​កក្នុងកិច្ចការការទូតឌីជីថល តាមរយៈការបង្កើនការតភ្ជាប់ប្រព័ន្ធទូទា​ត់ ក៏ដូចជាចែករំលែកបទពិសោធន៍កម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទា​ត់​ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដូចជា ជាមួយប្រទេសនៅអាស៊ាន ចិន ឥណ្ឌា អាហ្វ្រិក (រូវ៉ានដា) អូសេអានី (កោះសូឡូម៉ុន ហ្វីជី) ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here