តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នា នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានបន្តធ្លាក់ចុះនៅថ្ងៃអង្គារនេះ ដោយសារក្រុមអ្នកវិនិយោគបង្ហាញការព្រួយបារម្ភអំពីកំណើននៃការផ្គត់ផ្គង់ប្រេងចាប់ពីខែតុលាខាងមុខតទៅ ស្របពេលដែលតម្រូវការប្រើប្រាស់ប្រេងទូទាំងពិភពលោកមានការថយចុះ។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២០សេនមកនៅត្រឹម៧៨,១៦ដុល្លារ ក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ១៧សេនដល់៧៤,០៥ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញនេះបានឱ្យដឹងថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញក្នុងវិស័យផលិតកម្ម(PMI) របស់សហរដ្ឋអាមេរិក សម្រាប់ខែឧសភាបានធ្លាក់ចុះដល់៤៨,៧ពិន្ទុ បើធៀបនឹង៤៩,២ពិន្ទុនៅក្នុងខែមេសា។

ទន្ទឹមនឹងនេះ ការចំណាយលើការសាងសង់បានធ្លាក់ចុះដោយមិននឹកស្មានដល់អស់រយៈពេល២ខែជាប់ៗគ្នាគិតត្រឹមខែមេសាកន្លងទៅ។ សូចនាករទាំង២ខាងលើនេះបង្ហាញថា សន្ទុះនៃសេដ្ឋកិច្ចអាមេរិកបានបន្តធ្លាក់ចុះនៅដើមត្រីមាសទី២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៥១,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,០៨ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បើធៀបនឹងកម្រិត១០៤,១៤ពិន្ទុ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះក្នុងកម្រិតតិចតួចផងដែរ នៅព្រឹកថ្ងៃអង្គារនេះ  ស្របពេលដែលក្រុមវិនិយោគិនសង្កេតឃើញថា សន្ទុះកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហាក់កំពុងបន្តធ្លាក់ចុះ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះត្រឹមតែ០,០៤%ប៉ុណ្ណោះ គិតត្រឹមម៉ោង១០:១៥នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៤៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៤២ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៥០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,១១ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,១៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៣៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here