តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះវិញ នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានងើបឡើងថ្លៃកាលពីយប់ថ្ងៃច័ន្ទ ខណៈទិន្នន័យបង្ហាញថា សកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ដែលការណ៍នេះនឹងបើកឱកាសឱ្យធនាគារ Fed អាចបញ្ចុះអត្រាការប្រាក់នៅឆ្នាំនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៤%ដល់២.៣៤៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១%ដល់២.៣៦៧ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៩នាទីព្រឹក។

យោងតាមទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញនេះបានឱ្យដឹងថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញក្នុងវិស័យផលិតកម្ម(PMI) របស់សហរដ្ឋអាមេរិក សម្រាប់ខែឧសភាបានធ្លាក់ចុះដល់៤៨,៧ពិន្ទុ បើធៀបនឹង៤៩,២ពិន្ទុនៅក្នុងខែមេសា។

ទន្ទឹមនឹងនេះ ការចំណាយលើការសាងសង់បានធ្លាក់ចុះដោយមិននឹកស្មានដល់អស់រយៈពេល២ខែជាប់ៗគ្នាគិតត្រឹមខែមេសាកន្លងទៅ។ សូចនាករទាំង២ខាងលើនេះបង្ហាញថា សន្ទុះនៃសេដ្ឋកិច្ចអាមេរិកបានបន្តធ្លាក់ចុះនៅដើមត្រីមាសទី២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៥១,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,០៨ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បើធៀបនឹងកម្រិត១០៤,១៤ពិន្ទុ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០៧%ដល់៣០,៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,២៤%ដល់១០២៥,៣០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៩%ដល់៩៣៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៧នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here