តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពមិនច្បាស់លាស់នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីទិន្នន័យបង្ហាញថា អត្រាអតិផរណារបស់សហរដ្ឋអាមេរិកបានកើនឡើងដូចការរំពឹងទុក នៅក្នុងខែមេសា ដែលការណ៍នេះអាចផ្តល់ឱកាសដល់ធនាគារ Fed ក្នុងការកាត់បន្ថយអត្រាការប្រាក់។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៣%ដល់២៣២៦,១២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៨%ដល់២៣៤៧,៧ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:១៣នាទីព្រឹក។

យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន បានឱ្យដឹងថា សន្ទស្សន៍តម្លៃនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក បានកើនឡើងស្របតាមការរំពឹងទុកក្នុងរង្វង់០,៣ភាគរយ កាលពីខែមេសា បើធៀបនឹងកំណើន០,៣ភាគរយដូចគ្នាក្នុងខែមីនា។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៥៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,៥៦ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ  បើធៀបនឹងកម្រិត១០៤,៦៧ពិន្ទុ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥៧%ដល់៣០,៦១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានកើនឡើង១,១៣%ដល់១០៥៣,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង១,២២%ដល់៩២៤ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៩នាទីព្រឹកថ្ងៃច័ន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here