កីឡាករលំដាប់ពិភពលោកMany Pacquiaoកំពុងផ្សព្វផ្សាយមុខមាត់កម្ពុជាទៅកាន់ពិភពលោក

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ កំពូលកីឡាករប្រដាល់លំដាប់ពិភពលោក  លោក ម៉ានី ផាកគីអាវ (Manny Pacquiao) បាននិងកំពុងចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

លោក និងភរិយាកាលពីថ្ងៃទី៣១ ឧសភា បានអញ្ជើញធ្វើទស្សនកិច្ចនៅព្រះបរមរាជរាំង និងបានចូលទស្សនាស្វែងយល់អំពីសិល្បៈ សម្បត្តិវប្បធម៌របស់កម្ពុជា នៅសារមន្ទីរជាតិ។

គោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញទាំងពីរ ដែលលោក Manny Pacquiao និងភរិយាបានចូលទស្សនា ជាទីតាំងទេសចរណ៍ដ៏លេចធ្លោនៅក្នុងរាជធានីភ្នំពេញ។ ភ្ញៀវទេសចរដែលចង់មកទស្សនារាជធានីភ្នំពេញ គួរបញ្ចូលគោលដៅទេសចរណ៍ទាំងពីរនេះ ទៅក្នុងទិសដៅដំណើរកម្សាន្តរបស់លោកអ្នក ដើម្បីទទួលបានបទពិសោ​ធន៍ដ៏រស់រវើកនៃរាជធានីអច្ឆរិយៈរបស់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការបង្ហោះ លើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា បន្ទាប់ពីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភា នៃប្រទេសហ្វីលីពីន រួមជាមួយភរិយារបស់លោក ក៏បានបន្តដំណើរទៅកាន់ខេត្តសៀមរាប ហើយបានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីរចនាបថ ស្ថាបត្យកម្មសំណង់ប្រាសាទរបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យក្នុងពិភពលោក។

ក្រសួងបញ្ជាក់ថា “សកម្មភាពនៃដំណើរទស្សនកិច្ចរបស់លោក ម៉ានី ផាកគីអាវ រួមជាមួយភរិយា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ ពីតំបន់ទេសចរណ៍វប្បធម៌ និងភាពទាក់ទាញរបស់កម្ពុជាទៅកាន់ពិភពលោក ជាពិសេសសកម្មភាពនេះក៏ជាផ្នែកមួយនៃការជំរុញផ្សព្វផ្សា​យយុទ្ធនាការ ឆ្នាំទស្សនាសៀមរាប២០២៤ ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here