កម្ពុជាឈរនៅលេខរៀងទី៦ ដែលមានភ្ញៀវទេសចរណ៍ចូលទៅទស្សនាប្រទេសវៀតណាមច្រើនជាងគេ ក្នុងខែឧសភា

ដោយ: គង់ លាងហួរ
អន្តរជាតិ: កម្ពុជាជាប់ក្នុងចំណោមបណ្តាប្រទេសចំនួន១០លើពិភពលោក ដែលជាប្រភពភ្ញៀវទេសចរណ៍បរទេសធំជាងគេរបស់ប្រទេសវៀតណាមនៅក្នុងខែឧសភា ឆ្នាំ២០២៤។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Vnexpress។

ជាក់ស្តែង ភ្ញៀវទេសចរណ៍កម្ពុជាចំនួន៤១.០០០នាក់បានចូលទៅទស្សនាប្រទេសវៀតណាមក្នុងខែឧសភា ដោយជាប់ចំណាត់ថ្នាក់លេខ៦។ ចំណាត់ថ្នាក់លេខ៧បានទៅលើភ្ញៀវទេសចរណ៍ឥណ្ឌា ដែលបានចូលទៅទស្សនាប្រទេសវៀតណាមចំនួន៣៨.០០០នាក់។

ចំណាត់ថ្នាក់លេខ៨បានទៅលើភ្ញៀវទេសចរណ៍ថៃ ដែលបានចូលទៅទស្សនាប្រទេសវៀតណាមចំនួន៣៣.៨៨២នាក់។ ចំណាត់ថ្នាក់លេខ៩បានទៅលើភ្ញៀវទេសចរណ៍អូស្ត្ត្រាលី ដែលបានចូលទៅទស្សនាប្រទេសវៀតណាមចំនួន៣៣.១២១នាក់ ខណៈចំណាត់ថ្នាក់លេខ១០បានទៅលើភ្ញៀវទេសចរណ៍ម៉ាឡេសុី ដែលបានចូលទៅទស្សនាប្រទេសវៀតណាមចំនួនចំនួន៣២.០០០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ចំណាត់ថ្នាក់លេខ១នៅលើកំពូលតារាង បានទៅលើភ្ញៀវទេសចរណ៍ចិន ចំនួន៣៥៧.៩៥៧នាក់ លេខ២បានទៅលើភ្ញៀវទេសចរណ៍កូរ៉េខាងត្បូងចំនួន៣៥១.០០០នាក់ លេខ៣បានទៅលើភ្ញៀវទេសចរណ៍តៃវ៉ាន់ចំនួន១១០.០០០នាក់ លេខ៤បានទៅលើភ្ញៀវទេសចរណ៍ជប៉ុនចំនួន៥៣.០០០នាក់ ខណៈលេខ៥បានទៅលើភ្ញៀវទេសចរណ៍អាមេរិកចំនួន៤៨.០០០នាក់។

នេះគឺជា​លើក​ទី​មួយ​ហើយ ដែល​ប្រទេសចិន​បាន​ទទួល​ឋានៈ​ជា​ទីផ្សារ​ភ្ញៀវទេសចរណ៍បរទេស​ធំ​បំផុត​ទី១របស់វៀតណាមឡើងវិញ ចាប់​តាំង​ពី​ប្រទេស​ចិនបាន​បើក​ព្រំដែន​របស់ខ្លួនឡើង​វិញ​ក្នុង​ខែ​មីនា ឆ្នាំ២០២២។

ដោយសារមើលឃើញសក្ដានុពលនៃវិស័យទេសចរណ៍ បណ្តាប្រទេសនៅតំបន់អាស៊ាន បានដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរណ៍មកពីប្រទេសចិន។

ជាក់ស្តែង ប្រទេសថៃបានសម្រេចលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ជនជាតិចិនកាលពីខែមីនា ខណៈប្រទេសម៉ាឡេស៊ីបានលើកលែងទិដ្ឋាការរយៈពេល៣០ថ្ងៃដល់ភ្ញៀវទេសចរណ៍ចិនចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ ហើយសិង្ហបុរីបានអនុវត្តន៍ចំណាត់ការដូចគ្នាកាលពីខែកុម្ភៈ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here