តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ បន្ទាប់ទិន្នន័យបានបង្ហាញថា ស្តុកប្រេងសាំងរបស់សហរដ្ឋអាមេរិកបានកើនឡើង២លានបារ៉ែលកាលពីសប្តាហ៍មុន ដែលគិតចាប់ពីថ្ងៃច័ន្ទ ទី២០ ដល់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១២សេន មកនៅត្រឹម៨១,៧៤ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0008 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ១៧សេន មកនៅត្រឹម៧៧,៧៤ដុល្លារ ក្នុងមួយបារ៉ែល។

យោងតាមរបាយការណ៍ ដែលចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានបង្ហាញថា កំណើនសេដ្ឋកិច្ច​​របស់​សហរដ្ឋអាមេរិកនៅ​ក្នុង​ត្រីមាស​ទី​១ ត្រូវបានធ្វើបច្ចុប្បន្នភាពសារជាថ្មី ដោយបានធ្លាក់ចុះមកនៅសល់ត្រឹម១,៣ភាគរយ ​​បើប្រៀបធៀបទៅនឹងកំណើនចំនួន១,៦ភាគរយក្នុងទិន្នន័យបឋម ដែលចេញផ្សាយកាលពីមុន។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៥៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,១៣%ដល់១០៤,៨៥ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ  បើធៀបនឹងកម្រិត១០៤,៧២ពិន្ទុ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃសុក្រនេះ ខណៈពេលដែលក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណាពីតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលអាចនឹងកំណត់ទស្សនៈវិស័យ ឬគោលនយោបាយអត្រាការប្រាក់ជាសកល។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃប្រមាណ០,១៩ភាគរយ គិតត្រឹមម៉ោង១០:១៧នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,១៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៨៧ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,០៥៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,១២ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៤៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here