តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះបន្តិចវិញ នៅព្រឹកថ្ងៃសុក្រនេះ  បន្ទាប់ពីងើបឡើងថ្លៃកាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈទិន្នន័យបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ដែលការណ៍នេះបានជួយបង្កើននូវក្តីសង្ឃឹមថា ធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៦%ដល់២៣៣៩,១៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម២.៣៤២ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:០៥នាទីព្រឹក។

យោងតាមរបាយការណ៍ ដែលចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានបង្ហាញថា កំណើនសេដ្ឋកិច្ច​​របស់​សហរដ្ឋអាមេរិកនៅ​ក្នុង​ត្រីមាស​ទី​១ ត្រូវបានធ្វើបច្ចុប្បន្នភាពសារជាថ្មី ដោយបានធ្លាក់ចុះមកនៅសល់ត្រឹម១,៣ភាគរយ ​​បើប្រៀបធៀបទៅនឹងកំណើនចំនួន១,៦ភាគរយក្នុងទិន្នន័យបឋម ដែលចេញផ្សាយកាលពីមុន។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៥៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,១៣%ដល់១០៤,៨៥ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ  បើធៀបនឹងកម្រិត១០៤,៧២ពិន្ទុ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,២៣%ដល់៣១,១៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៦៨%ដល់១០៣០,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៤៤%ដល់៩៥៤,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៦នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here