ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីសន្យាជម្រុញឲ្យមានការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់ខេត្តសៀមរាប

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាល នាយកទីចាត់ការនៃរដ្ឋបាលខេត្តសៀម​រាប បានជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោក បណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជានិងគណៈប្រតិភូ។

លោកបណ្ឌិត Santo Darmosumarto បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្តនិងសហការី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកជួបសម្តែងការគួរសម និងសំណេះសំណាលនាពេលនេះ។ លោកបណ្ឌិតក៏បានបញ្ជាក់ផងដែរថា ឥណ្ឌូនេស៊ី-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាពនេះ បានប្រែក្លាយទៅជាមិត្តភាពដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា នឹងបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត បង្កើតព្រឹត្តិការផ្លាស់ប្តូរវប្បធម៌គ្នា ទៅវិញទៅមក ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ផ្លាស់ប្តូរសិល្បៈរវាងប្រទេសទាំង២ និងជំរុញឱ្យមានសម្ព័ន្ធមេត្រីភាព (temple sister)រវាងខេត្តសៀមរាប និងឥណ្ឌូនេស៊ី បន្តជួយគាំទ្រ ផ្សព្វផ្សាយ លើវិស័យអប់រំ តាមរយះការផ្សព្វផ្សាយ អាហាររូបករណ៍នានា និងជម្រុញឱ្យមានជើងហោះហើរត្រង់ មកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅប្រទេសឥណ្ឌូនេស៊ីផងដែរ។

លោកប្រាក់ សោភ័ណ បានថ្លែងអំណរគុណដល់លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជានិងគណៈប្រតិភូ ដែលបានឆ្លៀតឱកាសអញ្ជើញ ជួបសំណេះសំណាល ពិភាក្សាការងារនាពេលនេះ និងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល ប្រជាជនឥណ្ឌូនេស៊ី ដែលបានរួមចំណែក ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ព្រមទាំងបន្តការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ បន្តជួយគាំទ្រ ផ្សព្វផ្សាយ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានសក្តានុពលបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here