តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈទីផ្សារកំពុងរង់ចាំមើលទិន្នន័យស្តុកប្រេងឆៅចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក គួបផ្សំនឹងការរំពឹងទុកនៃការពន្យារពេលបញ្ចុះអត្រាការប្រាក់អាចជះផលប៉ះពាល់ចំពោះតម្រូវការប្រេង។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៩សេនមកនៅត្រឹម៨៣,៥២ដុល្លារ ក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WIT) បានធ្លាក់ចុះ៣សេនមកនៅត្រឹម៧៩,១៩ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0046 GMT ។

លោក Neel Kashkari ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង Minneapolis បានអះអាងកាលពីថ្ងៃអង្គារកន្លងទៅថា “ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក គួរតែរង់ចាំការវិវឌ្ឍន៍ដ៏សំខាន់លើអត្រាអតិផរណា មុនពេលនឹងធ្វើការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់”។

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៣៤%ប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៤នេះ បើធៀបនឹងការរំពឹងទុកចំនួន១,៥%កាលពីដើមឆ្នាំនេះ។នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,៥១%ដល់១០៥,១៥ពិន្ទុគិតត្រឹមម៉ោង១០:០២នាទីព្រឹក។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលក្រុមអ្នកវិនិយោគរំពឹងថា អត្រាការប្រាក់សកល ជាពិសេសអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនឹងបន្តស្ថិតនៅកម្រិតខ្ពស់បែបនេះក្នុងរយៈពេលយូរ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះប្រមាណ០,៨៦ភាគរយ គិតត្រឹមម៉ោង៩:៥៨នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៥១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,១៤ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,២៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,១៦ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៥៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៩៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here