ឥណ្ឌូនេសុីគ្រោងពិនិត្យគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដើម្បីសុំចូលជាសមាជិកអង្គការOECD

ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីជាន់ខ្ពស់មួយរូបអះអាងថា ប្រទេសឥណ្ឌូនេស៊ីគ្រោងចាប់ផ្តើមពិនិត្យឡើងវិញនូវគោលនយោបាយសេដ្ឋកិច្ចជាច្រើនរបស់ខ្លួន ខណៈប្រទេសនេះកំពុងព្យាយាមសុំចូលជាសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ។

ឥណ្ឌូណេស៊ីបានកំណត់គោលដៅក្លាយជាសមាជិក OECD ក្នុងរយៈពេល៣ឆ្នាំខាងមុខ បន្ទាប់ពីអង្គការ ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះ បានបើកការពិភាក្សាអំពីការសុំសិទ្ធិចូលជាសមាជិកជាមួយឥណ្ឌូនេស៊ីកាលពីខែកុម្ភៈកន្លងទៅ។

ទីក្រុងហ្សាកាតាបង្ហាញក្តីសង្ឃឹមថា ការក្លាយជាសមាជិករបស់អង្គការនេះនឹងនាំមកនូវការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែច្រើនសម្រាប់ឥណ្ឌូនេសុី ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គការ OECD ដែលមានសមាជិកជាង៣០ប្រទេស គឺជាអង្គការអន្តរជាតិដែលផ្តល់ដំបូន្មានដល់សមាជិករបស់ខ្លួនអំពីគោលនយោបាយសាធារណៈ រួមទាំងបញ្ហាសង្គម សេដ្ឋកិច្ច និងបរិស្ថាន។

លោក Airlangga Hartarto រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “អាជ្ញាធរនឹងពិនិត្យឡើងវិញនូវគោលនយោបាយនានា រួមទាំងពន្ធដារ សេដ្ឋកិច្ចឌីជីថល និងបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយ ដើម្បីធានាឱ្យប្រាកដថា គោលនយោបាយទាំងនេះសមស្របតាមស្តង់ដាររបស់អង្គការOECD”។

ជាមួយគ្នានេះ លោក Mathias Cormann អគ្គលេខាធិការអង្គការ OECD ក៏បានប្តេជ្ញាថា លោកនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងការពន្លឿនដំណើរការចូលជាសមាជិករបស់ស្ថាប័នអន្តរជាតិមួយនេះផងដែរ៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here