តម្លៃហាងឆេងមាសបានបានធ្លាក់ថ្លៃចុះ នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ ក្រោយពីក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក(Fed)មួយចំនួនបង្ហាញមតិជំទាស់មិនឱ្យបញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះនោះទេ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤០%ដល់២៣២៩,៥២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣៩ភាគរយដល់២៣៣២,១០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៧នាទីព្រឹក។

លោក Neel Kashkari ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង Minneapolis បានអះអាងកាលពីថ្ងៃអង្គារកន្លងទៅថា “ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក គួរតែរង់ចាំការវិវឌ្ឍន៍ដ៏សំខាន់លើអត្រាអតិផរណា មុនពេលនឹងធ្វើការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៣៤%ប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៤នេះ បើធៀបនឹងការរំពឹងទុកចំនួន១,៥%កាលពីដើមឆ្នាំនេះ។នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ដោយសារពត៌មាន Reuters។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,០៩%ដល់១០៤,៧១ពិន្ទុគិតត្រឹមម៉ោង៩:៤៩នាទីព្រឹក។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៧២%ដល់៣១,៨១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៨៥%ដល់១.០៣៩ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ២,១៤%ដល់៩៥៥,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៩នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here