ចំណតអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិហាណូយគ្រោងពង្រីកឱ្យកាន់តែធំជាមួយទុនជិត២០០លានដុល្លារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ចំណតអ្នកដំណើរអន្តរជាតិ T2 នៅឯអាកាសយានដ្ឋាន Noi Bai ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នឹងត្រូវបានពង្រីក ក្រោមទំហំទុនវិនិយោគជិត៤ទ្រីលានដុង (ប្រហែល១៩៦,៤លានដុល្លារអាមេរិក)។

ចំណតអ្នកដំណើរនេះ នឹងត្រូវបានរៀបចំបំពាក់ ទៅដោយស្តង់ និងម៉ាស៊ីនស្កែន ត្រួតពិនិត្យកាន់តែច្រើន និងបង្កើនសមត្ថភាពផ្ទុកអ្នកដំណើររបស់ខ្លួនដល់១០ ទៅ១៥លាននាក់ក្នុងមួយឆ្នាំ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Vnexpress។

គម្រោងពង្រីក​ចំណតអ្នកដំណើរនេះ​ ត្រូវ​បាន​ប្រកាសឡើងដោយ​សាជីវកម្ម ​ព្រលាន​យន្តហោះ​វៀតណាម (ACV) ដែលនឹងត្រូវបានអភិវឌ្ឍន៍ឡើង នៅលើផ្ទៃដីទំហំ៤១២.០០០ម៉ែត្រការ៉េ ដោយស្លាបរបស់ចំណត និងតំបន់កណ្តាលនឹងត្រូវបានពង្រីក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក ទីតាំងរៀបចំនីតិវិធីនៅអាកាសយានដ្ឋាន នឹងត្រូវបានពង្រីកដល់១២០ស្តង់ ខណៈនាពេលបច្ចុប្បន្ន ចំណតនេះមានស្តង់ធម្មតាចំនួន២៤ប៉ុណ្ណោះ។ រីឯប្រព័ន្ធគ្រប់គ្រងឥវ៉ាន់ នឹងត្រូវបានបង្កើនដល់ចំនួន៨ ហើយ​ស្ពាន​តភ្ជាប់ពីចំណតអ្នក​ដំណើរ ​ទៅកាន់យន្តហោះ នឹង​ត្រូវ​បាន​បង្កើន​ដល់ចំនួន១៩ខ្សែ។

គម្រោងនេះ នឹងត្រូវចំណាយទុនវិនិយោគ ប្រមាណ៤,៩៩ទ្រីលានដុង ដោយក្នុងនោះ កញ្ចប់ថវិកាពីក្រុមហ៊ុនម៉ៅការមានតម្លៃ៤,៦ទ្រីលានដុង ដែលបានប្រភពមកពីសាជីវកម្ម ​ព្រលាន​យន្តហោះ​វៀតណាម (ACV)។ ការ​សាងសង់​នឹង​ត្រូវចំណាយរយៈពេល​អស់២២​ខែ ដោយត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បញ្ចប់​រួចរាល់នៅ​ត្រឹមចុង​ឆ្នាំ​២០២៥ខាងមុខ។

សម្ព័ន្ធក្រុមហ៊ុនសំណង់ Vinaconex ក្រុមហ៊ុនសំណង់ Hanoi Construction និងក្រុមហ៊ុនសំណង់ Xuan Mai Investment & Construction ត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះ។ តំណាង​សម្ព័ន្ធក្រុមហ៊ុន​ទាំង៣បាន​អះអាង​ថា គម្រោង​នេះ​គឺជា​គម្រោង​ដ៏​លំបាក​មួយ​ ដែល​ទាមទារ​ឱ្យ​មាន​សមត្ថភាព​ប្រតិបត្តិការ និង​សំណង់​ដែលមានគុណភាពល្អ។

Noi Bai ដែលជាអាកាសយានដ្ឋានដ៏ធំបំផុតទីពីរ របស់ប្រទេសវៀតណាម និងជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតរបស់ខ្លួន បានទទួ​លភ្ញៀវទេសចរណ៍ ចំនួន៣០លាននាក់កាលពីឆ្នាំមុន ខណៈចំណតអ្នកដំណើរT2 បានផ្ទុកលើសទម្ងន់ ចាប់ពីឆ្នាំ២០១៩មកម្ល៉េះ៕ប្រភព: Vnexpress៕​

LEAVE A REPLY

Please enter your comment!
Please enter your name here