តម្លៃប្រេងបានស្ថិតនៅទ្រឹង ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យអតិផរណាដើម្បីវាយតម្លៃគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកនាពេលអនាគត និងការសម្រេចចិត្តគោលនយោបាយផលិតកម្មពីកិច្ចប្រជុំ OPEC+ នៅថ្ងៃទី២ ខែមិថុនា។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែកក្កដាខាងមុខ បានធ្លាក់ចុះតិចតួចចំនួន៣សេនប៉ុណ្ណោះ មកនៅត្រឹម៨៣,០៧ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោងសកល 0038 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures (WTI) បានស្ថិតនៅទ្រឹងត្រឹម៧៨,៦៨ដុល្លារក្នុងមួយបារ៉ែល។

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ជាលើកដំបូងបង្អស់នៅក្នុងខែធ្នូខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ដោយសារពត៌មាន Reuters។

នៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះ០,១៤%មកនៅត្រឹម១០៤,៤៤ពិន្ទុគិតត្រឹមម៉ោង៩:៥២នាទីព្រឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីក្រុមមន្ត្រីធនាគារកណ្តាលអឺរ៉ុប(ECB)មួយចំនួនបានអះអាងថា ធនាគារនេះមានឱកាសកាត់បន្ថយអត្រាការប្រាក់នៅខែមិថុនាខាងមុខ ខណៈអត្រាអតិផរណានៅតំបន់អឺរ៉ុបបន្តថយចុះ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,២៨ភាគរយ គិតត្រឹមម៉ោង១០:០៦នាទីព្រឹក។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៣០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៣៤ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៣១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,០៦៩ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,២០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,០៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here