តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ មុនពេលចេញផ្សាយទិន្នន័យអតិផរណាសំខាន់ៗពីបណ្តាប្រទេសសេដ្ឋកិច្ចធំៗនៅក្នុងសប្តាហ៍នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១២%ដល់២៣៥៣,៤៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៨០ភាគរយដល់២៣៥៣,២០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៩នាទីព្រឹក។

លោក Matt Simpson អ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន City Index បានលើកឡើងថា “ខ្ញុំគិតថា តម្លៃមាសអាចនឹងស្ទុះងើបឡើងវិញបន្តិចបើធៀបនឹងកម្រិតបច្ចុប្បន្ន មុនពេលវិលត្រឡប់ទៅកាន់កម្រិត២.២៨០ដុល្លារទៅ២.៣០០ដុល្លារក្នុងមួយអោន ឬអាចប្រឈមនឹងការខាតបង់ជាងនេះបន្ថែមទៀត ប្រសិនបើទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកនៅតែបន្តកើនឡើងលើសពីការរំពឹងទុក”។

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ជាលើកដំបូងបង្អស់នៅក្នុងខែធ្នូខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះ០,១៤%មកនៅត្រឹម១០៤,៤៤ពិន្ទុគិតត្រឹមម៉ោង៩:៥២នាទីព្រឹក។

តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង៤,៨១%ដល់៣១,៩៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានកើនឡើង២,៧៧%ដល់១០៦៧,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង២,៧៣%ដល់៩៩៦,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៤នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here