ប្រទេសចិនដាក់ឱ្យប្រើប្រាស់កប៉ាល់ដើរដោយថាមពលអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការសិក្សាបង្ហាញថា ឧស្សាហកម្មដឹកជញ្ជូនសកល ចូលរួមចំណែកដល់ការបំពុលបរិយាកាស ប្រហែល៣% នៃការបំពុលបរិយាកាសសរុបលើភពផែនដី ដោយសារកប៉ាល់កុងតឺន័រភាគច្រើនមានទំហំធំ ដែលម៉ាស៊ីនដំណើរការទៅមុខដោយការដុតឥន្ធនៈកខ្វក់។

ប៉ុន្តែពេលនេះ ប្រទេសចិនបានផលិតកប៉ាល់ កុងតឺន័រដ៏ធំបំផុតរបស់ពិភពលោក ដែលដើរដោយថាមពលអគ្គិសនី ឈ្មោះ Greenwater 01។ កប៉ាល់នេះ បានចាប់ផ្តើមបើកសេវាកម្មជាទៀងទាត់រវាងទីក្រុងសៀងហៃ និងទីក្រុងណានជីន។

កប៉ាល់ដើរដោយថាមពលអគ្គិសនី Greenwater 01 នេះត្រូវបានផលិតឡើង ដោយក្រុមហ៊ុនចិន China Ocean Shipping Group។ ហេតុនេះ ប្រសិនបើពិភពលោក ងាកមកប្រើប្រាស់កប៉ាល់កុងតឺន័រអគ្គិសនីកាន់តែច្រើន នោះវានឹងអាចធ្វើឱ្យឧស្សាហកម្មដឹកជញ្ជូន កាន់តែមានភាពប្រសើរឡើង និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនចិនខាងលើ ​បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សា​យសង្គម WeChat ថា “កប៉ាល់ដែលគ្មានការបំភាយឧស្ម័ន ការបំពុល និងសំលេងរំខាន បានកំណត់នូវស្តង់ដារថ្មីមួយ សម្រាប់ការផ្លាស់ប្តូរឧស្សាហកម្មដឹកជញ្ជូន ឆ្ពោះទៅរកគោលដៅកាត់បន្ថយកាបូន និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន”។

គោលបំណងដទៃផ្សេងទៀត នៅក្នុងការផលិតកប៉ាល់កុងតឺន័រដើរដោយថាមពលអគ្គិសនីនេះឡើង បានផ្តោតជាចម្បងទៅលើការប្រើប្រាស់ឥន្ធនៈ ដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជា អ៊ីដ្រូសែន ឬអាម៉ូញាក់។

ទោះបីជាយ៉ាងណាក្តី នៅពេលយកមកប្រើប្រាស់ កប៉ាល់នេះមិនបង្កើតការបំភាយឧស្ម័ន ដែលបង្កើនកំដៅភពផែនដីនោះទេ ក៏ប៉ុន្តែ ដំណើរការនៃការផលិតកប៉ាល់បែបនេះ មានការបំពុលខ្លាំងណាស់។ ដូច្នេះវាពុំមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះឡើយ។

កប៉ាល់ Greenwater 01 នេះមានប្រវែងបណ្តោយ១២០ម៉ែត្រ និងទទឹងជិត២៤ម៉ែត្រ ដែលទាមទារថាមពលអគ្គិសនីលើសពី៥០.០០០គីឡូវ៉ាត់ម៉ោង ហើយប្រសិនបើ កប៉ាល់ធ្វើដំណើរកាន់តែយូរ នោះការប្រើប្រាស់ថាមពល ក៏ត្រូវការកាន់តែច្រើនទៅតាមនោះផងដែរ។

យ៉ាងណាមិញ ស្របពេលដែលបច្ចេកវិទ្យា ស្តុកទុកថាមពល និងថាមពលស្អាត នៅតែបន្តរីកចម្រើន និងកាន់តែមានប្រសិទ្ធភាព ដូច្នេះ កប៉ាល់កុងតឺន័រ គួរតែត្រូវបានកែច្នៃទៅជាកប៉ាល់ អគ្គិសនីឱ្យកាន់តែច្រើន ព្រោះចំណាត់ការនេះ នឹងនាំឱ្យឧស្សាហកម្មដឹកជញ្ជូនកាន់តែខិតទៅជិតអព្យាក្រឹតកាបូន និងកាត់បន្ថយផលប៉ះពាល់ទៅលើការកើនឡើងកំដៅភពផែនដី៕ប្រភព: Yahoo៕

LEAVE A REPLY

Please enter your comment!
Please enter your name here