តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃច័ន្ទនេះ ខណៈដែលទីផ្សាររំពឹងថា អង្គការ OPEC+ នឹងពិភាក្សាអំពីការបន្តកាត់បន្ថយការផលិតប្រេងរហូតដល់ដំណាច់ឆ្នាំនេះ ក្នុងកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២ ខែមិថុនាខាងមុខ។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែកក្កដាបានកើនឡើង១១សេនដល់៨២,២៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0036 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង១៣សេនដល់៧៧,៨៥ដុល្លារក្នុងមួយបារ៉ែល។

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ជាលើកដំបូងបង្អស់នៅក្នុងខែធ្នូខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៤,៧១ពិន្ទុគិតត្រឹមម៉ោង៩:៤៣នាទីព្រឹក។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃច័ន្ទនេះ ស្របពេលដែលក្រុមវិនិយោគិនរង់ចាំមើលរបាយការណ៍អតិផរណាដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលអាចកំណត់ដំណាក់កាលសម្រាប់ការកាត់បន្ថយអត្រាការប្រាក់។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៤៨ភាគរយ គិតត្រឹមម៉ោង១០:០៤នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,២៣ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៣០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៣១ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៧៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៦៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here