តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈដែលអ្នកវិនិយោគកំពុងផ្តោតចំណាប់អារម្មណ៍ទៅលើទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក តំបន់អឺរ៉ុប និងប្រទេសជប៉ុន ដើម្បីស្ទាបស្ទង់ទស្សនវិស័យអត្រាការប្រាក់សកល។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៨%ដល់២៣៤៥,០៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣១ភាគរយដល់២៣៤១,៨០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥២នាទីព្រឹក។

លោក Michael Widmer ប្រធានផ្នែកស្រាវជ្រាវលោហៈធាតុរបស់ធនាគារBank of America បានលើកឡើងថា “ក្រុមវិនិយោគិនលោកខាងលិចខ្វះការចាប់អារម្មណ៍បន្តិចទៅលើមាស ដោយសារភាពមិនច្បាស់លាស់អំពីពេលវេលាដែលធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់។ ប៉ុន្តែ នៅពេលដែលធនាគារ Fed កាត់បន្ថយអត្រាការប្រាក់ ពួកគេនឹងបង្កើនការទិញមាសម្តងទៀត”។

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ជាលើកដំបូងបង្អស់នៅក្នុងខែធ្នូខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៤,៧១ពិន្ទុគិតត្រឹមម៉ោង៩:៤៣នាទីព្រឹក។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៨៩%ដល់៣០,៧៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៤៩%ដល់១០៤៣,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង១,៣៤%ដល់៩៨៣ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៤នាទីព្រឹកថ្ងៃច័ន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here