ធនាគារពិភពលោកអនុម័តឥណទាន៤០លានដុល្លារ ដើម្បីបង្កើនជំនាញការងារនៅកម្ពុជាឱ្យកាន់តែប្រសើរ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារពិភពលោកបានអនុម័តឥណទានចំនួន៤០លានដុល្លារអាមេរិក សម្រាប់គម្រោងលើកកម្ពស់ជំនាញការងារឱ្យកាន់តែប្រសើរនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃសុក្រ ទី២៤ ខែឧសភា។

សេចក្តីប្រកាសព័ត៌មានបានបន្តថា នៅក្រោមគម្រោង “ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ” ប្រជាជនកម្ពុជាប្រមាណ៣៣.០០០នាក់ ត្រូវបានគេរំពឹងថា នឹងទទួលបានការបណ្តុះបណ្តាល និងសេវាកម្មទីផ្សារការងារកាន់តែប្រសើរឡើង។

ធនាគារពិភពលោកបានបន្ថែមថា ការអនុម័តឥណទាននេះមានគោលបំណងលើកកម្ពស់គុណភាព និងជំនាញទាក់ទងនឹងការងារក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេសកម្ពុជា ព្រមទាំងបង្កើនលទ្ធភាពការងារ និងប្រាក់ចំណូលរបស់កម្មករ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើនសេដ្ឋកិច្ច និងទីផ្សារការងារនៅកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហចំពោះពាណិជ្ជកម្ម និងការអនុគ្រោះពន្ធលើការនាំចេញទៅកាន់ប្រទេសមួយចំនួន ដែលការណ៍នេះបានជួយទាក់ទាញការវិនិយោគពីក្រៅប្រទេសមកកាន់កម្ពុជា។

ទោះជាយ៉ាងណាក្តី គុណភាពនៃការងារនៅមានកម្រិតទាបនៅឡើយ ដោយនៅក្នុងនោះ ចំនួន៨៩ភាគរយនៃការងារសរុបនៅក្នុងប្រទេសកម្ពុជា គឺជាការងារដែលមានជំនាញទាប។

គម្រោង“ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ”ដែលមានរយៈពេល៥ឆ្នាំនេះ ត្រូវបានរៀបចំឡើងដើម្បីជួយឱ្យសេដ្ឋកិច្ចកម្ពុជាធ្វើពិពិធកម្មទៅក្នុង វិស័យដែលទាមទារជំនាញមធ្យមបន្ថែមទៀត។ គម្រោងនេះនឹងត្រូវបានអនុវត្តន៍ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ។

លោកស្រី Maryam Salim នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបានលើកឡើងថា “ដោយសារកម្ពុជាមានគោលបំណងជំរុញខ្សែសង្វាក់តម្លៃ និងធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ដូច្នេះ ការបង្កើនជំនាញកម្លាំងពលកម្មនាពេលនេះ និងនាពេលខាងមុខ នឹងក្លាយជាគន្លឹះដ៏សំខាន់ ក្នុងការទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន និងកាន់តែប្រសើរឡើង ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់និយោជក”។

លោកស្រីបានបន្ថែមថា “ការបណ្តុះបណ្តាលជំនាញបច្ចេកទេស គួបផ្សំនឹងការបណ្តុះបណ្តាលជំនាញបន្ថែម ដូចជា ជំនាញឌីជីថល និងជំនាញអាកប្បកិរិយា អាចជួយដល់ប្រទេសកម្ពុជាក្នុងការសម្រេចបាននូវគោលបំណងរបស់ខ្លួន”៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here