ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃសុក្រនេះ ខណៈបណ្តាអ្នកវិនិយោគបានគិតគូរយ៉ាងប្រុងប្រយ័ត្នបំផុតចំពោះមតិយោបល់ថ្មីចុងក្រោយរបស់ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក(Fed)ស្តីពីអត្រាការប្រាក់។
តម្លៃប្រេងឆៅ Brent futures បានស្ថិតនៅទ្រឹងត្រឹម៨១,៣៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0002 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futuresរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ២សេនប៉ុណ្ណោះមកនៅត្រឹម៧៦,៨៥ដុល្លារក្នុងមួយបារ៉ែល។
នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ជាលើកដំបូងបង្អស់នៅក្នុងខែធ្នូខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ដោយសារពត៌មាន Reuters។
នៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៥,០៦ពិន្ទុ។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃសុក្រនេះ ស្របពេលដែលក្រុមវិនិយោគិនព្រួយបារម្ភថា អត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចនឹងបន្តស្ថិតនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរតទៅមុខទៀត។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,៩៣ភាគរយ គិតត្រឹមម៉ោង១០:០៩នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,១៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៩៥ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៤១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,១៤ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ១,០៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,០៥ភាគរយ៕