មន្រ្តីជាន់ខ្ពស់កម្ពុជាជម្រុញឲ្យភាគីជប៉ុនពន្លឿនការអនុវត្តន៍គំរោងកំពង់ផែខេត្តព្រះសីហនុ

        ដោយៈ និស្ស័យ

        អន្តរជាតិៈ លោកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលបានសំណូមពរឲ្យភាគីជប៉ុនជួយពន្លឿន ដំណើរការអភិវឌ្ឍន៍កំពង់ផែ ខេត្តព្រះសីហនុ។

លោកបានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនកាលពីថ្ងៃទី២៣ ឧសភាកន្លងមកនេះ។

លោកឧបនាយករដ្ឋមន្រ្តី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៩ ស្ដីពី “អនាគតរបស់អាស៊ី”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណទៅកាន់មិត្តជប៉ុន ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការកសាងសង្គមសេដ្ឋកិច្ចកម្ពុជា និងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែងនៅដើមអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានធ្វើការសម្ពោធ និងបើកការដ្ឋានដែលជាជំនួយរបស់មិត្តជប៉ុន ជាបន្តបន្ទាប់រួមមាន ផ្លូវជាតិលេខ៥ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក និងគម្រោ​ងបើកការដ្ឋាន លើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ ដំណាក់កាលទី២ ជំហានទី១។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានសំណូមពរឱ្យភាគីជប៉ុនជួយពន្លឿន ការអនុវត្តគម្រោងលើកកម្ពស់ កំពង់ផែក្រុងព្រះសីហនុឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំនឹងជំរុញឱ្យភាគីពាក់ព័ន្ធ ពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ឱ្យបានកាន់តែឆាប់រហ័ស ដើម្បីធានាបានថា គម្រោងការនេះនឹងអាចបញ្ចប់ តាមផែនការដែលបានគ្រោងទុក។

លោករដ្ឋមន្ត្រីក៏បានបង្ហាញនូវការតាំងចិត្តថា នឹងស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យលើសំណើ គម្រោងសិក្សាផែនការមេ ធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ឱ្យបានកាន់តែឆាប់រហ័ស សំដៅអាចឱ្យការសិក្សាគម្រោ​ងនេះ អាចចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here