តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពមិនច្បាស់លាស់នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃសុក្រនេះ ខណៈបណ្តាក្រុមហ៊ុនផលិតកម្មរបស់សហរដ្ឋអាមេរិកបានរាយការណ៍ពីការកើនឡើងនៃតម្លៃធាតុចូលជាច្រើនមុខ ដែលការណ៍នេះបង្ហាញថា អតិផរណាតម្លៃទំនិញអាចនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១១%ដល់២៣៣០,៩២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៧ភាគរយដល់២.៣៣១ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៥នាទីព្រឹក។

លោក Daniel Ghali អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “ការងើបឡើងថ្លៃនៃប្រាក់ដុល្លារ គួបផ្សំនឹងការបន្ទាបចក្ខុវិស័យអត្រាការប្រាក់របស់សហរដ្ឋអាមេរិកបានជំរុញឱ្យវិនិយោគិនសម្រេចចិត្តលក់មាសចេញវិញ ប៉ុន្តែ ការធ្លាក់ចុះនៃតម្លៃមាសនឹងនៅមានកម្រិត”។

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ជាលើកដំបូងបង្អស់នៅក្នុងខែធ្នូខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៥,០៦ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២១%ដល់៣០,៥២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១៥%ដល់១០២៨,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៨%ដល់៩៧៦ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៧នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here