ដោយៈ ម៉ាលីនណា
ភ្នំពេញៈ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវជា សិរី បានអំពាវនាវប្រជាពលរដ្ឋកុំជឿការឆបោក ពីការវិនិយោគតាមប្រព័ន្ធអនឡាញ។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញសារអំពាវនាវលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ថា ឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆបោក តាមបណ្ដាញគ្រុបតេលេក្រាម (telegram) ពីការវិនិយោគ ដាក់ប្រាក់វិនិយោគ1000$ បានមកវិញ 7500$ ។
លោកជំទាវបណ្ឌិតបានពន្យល់ថា “ប្រសិនបើការដាក់ប្រាក់វិនិយោគបានងាយៗយ៉ាងនេះ លែងមានអ្នកធ្វើការ រកស៊ីអីទៀតហើយ”។ លោកជំទាវបណ្ឌិតបន្ថែមថា “ពួកគេប្រមូលរូប បង់លុយតាមប្រព័ន្ធធនាគារ ដើម្បីជានុយឱ្យឃើញថា មានគេវិនិយោគជាមួយពួកគេ ប៉ុន្តែបើពិនិត្យឱ្យច្បាស់អ្នកទទួលប្រាក់នីមួយៗ មានឈ្មោះខុសៗគ្នាទាំងអស់”។
បានន័យថាលុយមិនចូលក្រុមហ៊ុនបោកប្រាស់នោះទេ គឺគ្រាន់តែលួចរូបគេមកប្រើ ដោយពេលខ្លះម្ចាស់ខ្លួនមិនទាំងដឹងខ្លួនផង។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានក្រើនរំលឹកបញ្ជាក់បន្ថែមថា សូមបងប្អូនប្រុងប្រយ័ត្ន មុននឹងជឿគេ៕