រដ្ឋមន្រ្តីសាធារណៈការចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាដឹកជញ្ជូន អន្តរជាតិ

ដោយៈ គង់ សូរិយា

        អន្តរជាតិៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាដឹកជញ្ជូនអន្តរជាតិ International Transport Forum 2024 Summit (ITF-2024 Summit) នៅទីក្រុង Leipzig (ឡែបហ្សិក) ប្រទេសអាល្លឺម៉ង់។

ការអញ្ជើញចូលរួមនេះ  តបតាមការអញ្ជើញរបស់លោក Marius Skuodis រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងទូរគមនាគមន៍ នៃសាធារណរដ្ឋលីទុយអានី ដែលជាប្រធានប្តូរវេននៃវេទិកាដឹកជញ្ជូនអន្តរជាតិ ឆ្នាំ២០២៣-២០២៤ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងែទី២៤ ខែឧសភា ឆ្នាំ២០២៤។

កិច្ចប្រជុំកំពូល នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ជាកិច្ចប្រជុំប្រចាំឆ្នាំ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិគ្រោះពិភាក្សាគ្នា រវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ដើម្បីរិះរកវិធីសាស្រ្តក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូន ឡូជីស្ទីក និងបម្លាស់ទី។ កម្ពុជាត្រូវបានក្លាយជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិកាលពីឆ្នាំ២០២២ ក្នុងចំណោមសមាជិកបច្ចុប្បន្ន ដែលមានចំនួនសរុប៦៦ប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំកំពូល នៃវេទិកាដឹកជញ្ជូនអន្តរជាតិឆ្នាំ ២០២៤ ផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទ “ការដឹកជញ្ជូនបៃតង ក្នុងកាលៈទេសៈដែលមានវិបត្តិ” ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក អ្នកជំនាញការសំខាន់ៗ ក្នុងវិស័យដឹកជញ្ជូន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនសាជីវកម្មអន្តរជាតិធំៗ ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក។

កិច្ចប្រជុំដ៏ធំនេះ មានអ្នកចូលរួមចំនួនជាង១.២០០នាក់ ក្នុងនោះ មានអ្នកជំនាញការជាវាគ្មិនចំនួនជាង១១០នាក់ រដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីតំណាងប្រទេសជាសមាជិកចំនួន៤៥នាក់។ កិច្ចប្រជុំសំខាន់ទាំងក្នុងកម្រិតបច្ចេកទេស និងកិច្ចប្រជុំតុមូលសរុបចំនួន៣៥ ត្រូវបានរៀបចំឡើង ក្នុងនោះមានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីចំនួន៦៖ (១) កិច្ចប្រជុំតុមូលស្តីពី ការដឹកជញ្ជូន និងការប្រែប្រួលអាកាសធាតុ (Transport and Climate Change) ដោយពិនិត្យមើលទៅលើការអនុវត្ត COP28, (២) កិច្ចប្រជុំតុមូលស្តីពី ភាពធននៃខ្សែច្រវាក់ផ្គត់ផ្គង់ (Resilience Supply Chain) ដោយពិនិត្យមើលទៅលើគោលនយោបាយគាំពារនានា ដើម្បីធានាភាពធននៃខ្សែច្រវាក់ផ្គត់ផ្គង់, (៣) កិច្ចប្រជុំតុមូលពិសេស ដោយផ្តោតទៅលើបញ្ហា នៅប្រទេសអ៊ុយក្រែន, (៤) កិច្ចប្រជុំចង្អៀតរបស់ក្រុមប្រឹក្សារដ្ឋមន្រ្តីដឹកជញ្ជូន, (៥) កិច្ចប្រជុំបើកទូលាយស្តីពី កិច្ចសហប្រតិបត្តិការដើម្បីស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ពិភពលោក, និង (៦) កិច្ចប្រជុំតុមូលស្តីពី ការដឹកជញ្ជូនប្រកបដោយបរិយាប័ន ដើម្បីធានាការចូលរួមបានទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here