តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារការព្រួយបារម្ភថា អត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចត្រូវបានដំឡើងម្តងទៀត ប្រសិនបើអតិផរណាកើនឡើង ដែលការណ៍នេះអាចបង្កផលប៉ះពាល់ដល់តម្រូវការប្រេង។

តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ២៧សេនមកនៅត្រឹម៨១,៦៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0004 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៣៥សេនមកនៅត្រឹម៧៧,១៤ដុល្លារក្នុងមួយបារ៉ែល។

លោក James Kniveton ពាណិជ្ជករប្តូរប្រាក់បរទេសជាន់ខ្ពស់នៅក្រុមហ៊ុនទូទាត់ឆ្លងដែន Convera លើកឡើងថា “ក្រុមមន្ត្រីធនាគារ Fed បានបង្ហាញការព្រួយបារម្ភថា អតិផរណានឹងមិនអាចធ្លាក់ចុះលឿនដូចការរំពឹងទុក ហើយសមាជិកមួយចំនួនគាំទ្រការដំឡើងអត្រាការប្រាក់បន្ថែមទៀត ប្រសិនបើចាំបាច់”។

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៤៣%សម្រាប់ឆ្នាំ២០២៤ ជាមួយនឹងការមើលឃើញឱកាស៦៦% នៃការកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៤,៨៩ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលទស្សនៈវិស័យអត្រាការប្រាក់របស់សហរដ្ឋអាមេរិកបន្តប្រឈមភាពមិនច្បាស់លាស់ ដោយសារការបញ្ចេញមតិផ្សេងគ្នាពីសំណាក់ក្រុមមន្ត្រីធនាគារ Fed។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,៤០ភាគរយ គិតត្រឹមម៉ោង១០:០៣នាទីព្រឹក។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៧៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៣៣ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៨១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៨៧ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៥៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,០៩៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here